681 ezgif.com resize
Swift cc time

ឡានដឹកប្រេង បុកជាមួយឡានក្រុង នៅឥណ្ឌូណេស៊ីសម្លាប់មនុស្ស១៦ នាក់ និង៤នាក់រងរបួស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្សាកាតា៖ មនុស្សយ៉ាងហោចណាស់ ១៦ នាក់បានបាត់បង់ជីវិត និង ៤ នាក់ទៀតបានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីថ្ងៃទី០៦ ខែឧសភា បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរបានបុកគ្នាជាមួយរថយន្តដឹកស៊ីទែនប្រេងយ៉ាងពេញទំហឹង នៅលើផ្លូវហាយវេ Trans-Sumatra ក្នុងខេត្តស៊ូម៉ាត្រាខាងត្បូង ប្រទេសឥណ្ឌូណេស៊ី។នេះបើតាមចេញផ្សាយរបស់កាសែតCNA។

យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាថ្ងៃត្រង់ ខណៈដែលរថយន្តក្រុងដឹកអ្នកដំណើរប្រមាណ ២០ នាក់ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Jambi។ តាមការស៊ើបអង្កេតបឋម មុនពេលកើតហេតុ រថយន្តក្រុងត្រូវបានគេសង្ស័យថាមានបញ្ហាបច្ចេកទេសបង្កជាផ្កាភ្លើង ដែលធ្វើឱ្យអ្នកបើកបរព្យាយាមបត់គេច ក៏ជ្រុលទៅបុកជាមួយរថយន្តដឹកប្រេងដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន។ ការបុកគ្នាដ៏ខ្លាំងក្លានេះ បានបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យជនរងគ្រោះភាគច្រើនជាប់គាំង និងស្លាប់នៅក្នុងរថយន្តតែម្តង។

រូបភាពពីកន្លែងកើតហេតុបានបង្ហាញពីទិដ្ឋភាពផ្សែងខ្មៅហុយទ្រលោម និងកម្ទេចកម្ទីរថយន្តដែលឆេះខ្លោចខ្ចាត់ខ្ចាយពេញផ្លូវហាយវេ ដែលបង្កការលំបាកយ៉ាងខ្លាំងដល់កិច្ចប្រតិបត្តិការសង្គ្រោះ និងការជម្លៀសជនរងគ្រោះរបស់អាជ្ញាធរ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរតែងតែកើតមានជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារកង្វះស្តង់ដារសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត តួយ៉ាងដូចជាករណីគ្រោះថ្នាក់រថភ្លើងបុកគ្នាដែលបានសម្លាប់មនុស្ស ១៦ នាក់ កាលពីសប្តាហ៍មុននៅក្បែរទីក្រុងហ្សាការតាផងដែរ។

Khcct banner

អត្ថបទទាក់ទង