បាងកក៖ ទីក្រុងបាងកកនៃប្រទេសថៃ ត្រូវបានគេព្យាករថានឹងក្លាយជាទីក្រុងធំដែលក្ដៅជាងគេបំផុតក្នុងតំបន់អាស៊ាននៅក្នុងឆ្នាំ ២០៥០ ខាងមុខនេះ។ កត្តានេះបណ្តាលមកពីឥទ្ធិពលរួមគ្នានៃការប្រែប្រួលអាកាសធាតុ និងនគរូបនីយកម្មយ៉ាងឆាប់រហ័ស ដែលរុញច្រានសីតុណ្ហភាពអតិបរមាឱ្យហក់ឡើងដល់ ៣៨,១ អង្សាសេ។ យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) ចំនួនថ្ងៃដែលមានកម្ដៅខ្លាំង (លើសពី ៣៥ អង្សាសេ) ក្នុងរដ្ឋធានីមួយនេះ នឹងកើនឡើងជិត ៣ ដង ពោលគឺរហូតដល់ ១២០ ថ្ងៃក្នុងមួយឆ្នាំ ដែលជាកម្រិតខ្ពស់បំផុតបើធៀបនឹងទីក្រុងធំៗដទៃទៀតក្នុងតំបន់ ដូចជាហូជីមិញ ម៉ានីល និងគូឡាឡាំពួ។
យោងតាមការចុះផ្សាយរបស់កាសែតThe Nation កម្ដៅដែលកើនឡើងយ៉ាងគំហុកនេះ កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងស្ថិរភាពសេដ្ឋកិច្ចថៃ ដោយមានតំបន់កណ្តាលទីក្រុងដែលណែនតាន់តាប់ដោយសំណង់បេតុង និងថ្នល់កៅស៊ូ អាចមានសីតុណ្ហភាពខ្ពស់ជាងតំបន់ជាយក្រុងដែលមានដើមឈើរហូតដល់ ៣ អង្សាសេ ដែលបង្កឱ្យមានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ (Heatstroke) និងបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងៗ។ ទន្ទឹមនឹងនេះ ផលិតភាពការងារអាចនឹងធ្លាក់ចុះ ជាពិសេសចំពោះកម្មករដែលធ្វើការនៅទីវាល ហើយការបាត់បង់សេដ្ឋកិច្ចសរុបអាចនឹងឡើងដល់ ៦% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ទីក្រុងត្រឹមឆ្នាំ ២០៥០ ប្រសិនបើគ្មានវិធានការបន្ស៊ាំខ្លួនឱ្យបានទាន់ពេលវេលា៕