ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ ប្រកាសរើសយុវជនមានពិការភាពចូលរួម«ប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៦» ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៧-២៩ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
យោងតាមគេហទំព័រផ្លូវការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ លេខាធិការដ្ឋានរៀបចំ«ពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព» បានអញ្ជើញយុវជនមានពិការភាពកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងជាសកល ផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៧-២៩ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
បើតាមប្រភពដដែល យុវជនមានពិការភាពអាចចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិត្រូវមានលក្ខណៈសម្បត្តិដូចជា មានអាយុពី១៤ ដល់២៣ឆ្នាំ ហើយចេះភាសាអង់គ្លេសដែលអាចទំនាក់ទំនងបាន ព្រមទាំងមានចំណេះដឹងផ្នែកកុំព្យូទ័រនិងមានស្មាតហ្វូនប្រើ។ បេក្ខជនត្រូវមានលិខិតឆ្លងដែន ដែលអាចប្រើប្រាស់បាន និងមានការអនុញ្ញាតពីគ្រួសារ អាណាព្យាបាល និងសាលារៀនដើម្បីចូលរួម។
ក្រុមប្រឹក្សាសកម្មភាពជនពិការ បានគូសបញ្ជាក់ថា យុវជនមានពិការភាព សាលារៀន ក្រុមគ្រួសារ អាណាព្យាបាល អង្គការ សមាគម ដែលមាន ចំណាប់អារម្មណ៍ អាចទាក់ទងផ្ទាល់ទៅកាន់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានទីតាំង នៅក្នុងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានអាសយដ្ឋានអាគារលេខ ៧៨៨ មហាវិថី ព្រះមុនីវង្ស រាជធានីភ្នំពេញ (អាគារ B បន្ទប់លេខ ៣ B-០១) ឬទំនាក់ទំនងតាមទូរស័ព្ទ និងតេឡេក្រាម៖ ០៧៧ ៣៥៥ ៦៦៦/០៨៩ ៥៨៩ ៨៩៨/០៧០ ៨៧៣ ៧០៥។ ការប្រកួតនេះ នឹងឈប់ទទួលពាក្យនៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០៕