681 ezgif.com resize
Moneygramott moi1280x163px

ហ្វីលីពីនជំរុញឱ្យមីយ៉ាន់ម៉ាបើកផ្លូវឱ្យ«ប្រេសិតពិសេសអាស៊ាន»ជួបពិភាក្សាជាមួយលោកស្រី អ៊ុងសាន ស៊ូជី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
 លោកស្រី ថេរ៉េសា ឡាហ្សារ៉ូ ប្រធានឧត្តមមន្ត្រីអាស៊ាន(ឆ្វេង) និងលោកស្រី អ៊ុង សានស៊ូជី(ស្ដាំ)

ម៉ានីល៖ ប្រទេសហ្វីលីពីនដែលជាប្រធានប្តូរវេនអាស៊ានថ្មី បានអំពាវនាវឱ្យអាជ្ញាធរមីយ៉ាន់ម៉ាអនុញ្ញាតឱ្យប្រេសិតពិសេសរបស់ខ្លួន ចូលជួបពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំជាប់ឃុំ លោកស្រី អ៊ុងសាន ស៊ូជី។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានការវិវត្តថ្មី ដែលរបបសឹកបានប្តូរការឃុំខ្លួនលោកស្រីពីពន្ធនាគារមកជាការឃុំខ្លួនក្នុងផ្ទះវិញ ដែលហ្វីលីពីនចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការកសាងទំនុកចិត្ត ដើម្បីឈានទៅរកស្ថិរភាពជាតិយូរអង្វែង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ហ្វីលីពីនដែលបានចេញផ្សាយនៅរសៀលថ្ងៃពុធនេះ។

អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ជាមួយមន្ត្រីសន្តិសុខ

តាមសេចក្ដីថ្លែងការដដែល ក្រសួងការបរទេសហ្វីលីពីនក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុញ្ញាតឱ្យលោកស្រី ស៊ូជី មានទំនាក់ទំនងជាមួយក្រុមគ្រួសារឡើងវិញ ដែលជាសញ្ញានៃការប្តេជ្ញាចិត្តពិតប្រាកដចំពោះកិច្ចសន្ទនាជាតិប្រកបដោយបរិយាបន្ន ស្របតាមក្របខ័ណ្ឌសន្តិភាព «កុងសង់ស៊ីស ៥ ចំណុច» របស់អាស៊ាន។

ទន្ទឹមនឹងការជំរុញឱ្យមានកិច្ចសន្ទនានយោបាយនេះ គេសង្កេតឃើញថាស្ថានភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានឃុំខ្លួនតាំងពីរដ្ឋប្រហារឆ្នាំ ២០២១ ហាក់មានភាពធូរស្រាលខ្លះ បន្ទាប់ពីទោសជាប់ពន្ធនាគារ ២៧ ឆ្នាំរបស់លោកស្រី ត្រូវបានបន្ធូរបន្ថយមួយភាគប្រាំមួយ ក្នុងយុទ្ធនាការលើកលែងទោសអ្នកទោសរាប់ពាន់នាក់ កាលពីខែមុន។

អ្នកវិភាគយល់ឃើញថា សកម្មភាពយោគយល់ខ្លះៗរបស់លោក មីន អ៊ុងឡាំង នាពេលនេះ គឺជាយុទ្ធសាស្ត្រនយោបាយដើម្បីស្តារមុខមាត់លើឆាកអន្តរជាតិ និងជាការប៉ុនប៉ងនាំយកមីយ៉ាន់ម៉ាឱ្យត្រឡប់ចូលមកក្នុងរង្វង់គ្រួសារអាស៊ានវិញ បន្ទាប់ពីបានចំណាយពេលយ៉ាងយូរក្នុងការដោះស្រាយវិបត្តិផ្ទៃក្នុងដ៏ស្មុគស្មាញ។ ការបើកផ្លូវឱ្យមានជំនួបរវាងប្រេសិតពិសេស និងមេដឹកនាំបក្សប្រឆាំង នឹងក្លាយជាចំណុចរបត់ដ៏សំខាន់ក្នុងការសម្រេចបាននូវការបង្រួបបង្រួមជាតិពិតប្រាកដសម្រាប់មីយ៉ាន់ម៉ា៕

មេដឹកនាំនៃប្រទេសជាសមាជិកអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី


Khcct banner

អត្ថបទទាក់ទង