ភ្នំពេញ៖ វិទ្យាស្ថានសិក្សាចិន សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH Cambodia) ប្រកាសរើសយុវជនដែលមានអាយុចន្លោះ ១៥ទៅ៣០ឆ្នាំ ដើម្បីចូលរួមកម្មវិធីប្រកួតវោហាស័ព្ទជាក្រុម «ឥទ្ធិពលនៃគ្រឿងស្រវឹង» ។ ការប្រកួតនេះធ្វើឡើងដើម្បីផ្តល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាព ដើម្បីលើកកម្ពស់មូលធនមនុស្ស ការស្រាវជ្រាវជាក្រុម វប្បធម៌នៃការជជែក និងផ្តល់យោបល់ជាសាធារណៈ។
យោងតាមគេហទំព័រ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH Cambodia) លក្ខខណ្ឌនៃការប្រកួត គឺកម្មវិធីប្រកួតនេះសម្រាប់តែយុវជនមានអាយុ១៥ឆ្នាំ ដល់៣០ឆ្នាំ (មិនមែនជាភ្នាក់ងារក្រុមហ៊ុនគ្រឿងស្រវឹងនិងថ្នាំជក់) ហើយត្រូវបង្កើតក្រុមដែលមានចំនួន៣នាក់ ដើម្បីសរសេរអត្ថបទមួយអំពី “ឥទ្ធិពលនៃគ្រឿងស្រវឹង” ដោយអត្ថបទត្រូវប្រើទំហំ A4 ពុម្ពអក្សរ “Khmer OS Siem reap, 12pt” និងមិនលើសពី ២ទំព័រ។
ចំពោះខ្លឹមសារ ដែលសរសេរគឺត្រូវស្តីពីស្ថានភាពនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅកម្ពុជា ផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅលើកុមារ យុវជន និងសង្គម និងដំណោះស្រាយដើម្បីកាត់បន្ថយឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កុមារ យុវជន និងសង្គមទាំងមូល។ យុវជនដែលចង់ប្រកួតត្រូវផ្ញើអត្ថបទទៅកាន់លេខតេឡេក្រាម៖ 096 852 3389, 098 217 316 ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា អត្ថបទល្អបំផុតចំនួន៨នឹងត្រូវជ្រើសរើសចូលរួម វគ្គនិយាយជាសាធារណៈពាក់កណ្តាលផ្តាច់ព្រ័ត។ រង្វាន់ជ័យលាភីលេខ១ នឹងទទួលបាន មេដាយជ័យលាភី ថវិកា៣លាន២០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី ។ ចំពោះជ័យលាភីលេខ២ ទទួលបានមេដាយជ័យលាភី ថវិកា២លាន៤០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី ចំណែកឯជ័យលាភីលេខ៣ ទទួលបានមេដាយជ័យលាភី ថវិកា១លាន៦០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី ។ ក្រៅពីនេះ កម្មវិធីមានរង្វាន់លើកទឹកចិត្ត ជាថវិកា៤០ម៉ឺនរៀល និង វិញ្ញាបនបត្របញ្ជាក់ការចូលរួម៕