សិង្ហបុរី៖ ប្រទេសសិង្ហបុរីកំពុងតែឈានទៅរកការបន្ថែមទីតាំងសាកថ្មរហូតដល់ទៅ ៦ម៉ឺនកន្លែងត្រឹមឆ្នាំ ២០៣០ ដោយបច្ចុប្បន្ននេះជាងពាក់កណ្តាលនៃគោលដៅសាកថ្មរថយន្តអគ្គិសនី (EV) ចំនួន ៦០,០០០ កន្លែងរបស់ប្រទេសសិង្ហបុរីត្រូវបានសម្រេច ដោយមានទីតាំងសាកថ្មចំនួន ៣០,៥០០ កន្លែងត្រូវបានដាក់ពង្រាយគិតត្រឹមខែមីនាឆ្នាំ ២០២៦នេះ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរីលោក Sun Xueling បានបញ្ជាក់កាលពីថ្ងៃពុធ។
បើតាមលោកស្រី Sun Xueling សិង្ហបុរីនឹងដាក់ពង្រាយឧបករណ៍សាកថ្មរថយន្តអគ្គិសនីចំនួន ៤០,០០០ កន្លែងនៅក្នុងចំណតរថយន្តសាធារណៈ និង ២០,០០០ កន្លែងនៅក្នុងបរិវេណឯកជនក្នុងឆ្នាំ ២០៣០ ខាងមុខនេះ។ លោកស្រី Sun បញ្ជាក់ថា ស្របនឹងតម្រូវការកើនឡើងរបស់រថយន្តអគ្គិសនី អាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) តាមដានអត្រាទទួលយករថយន្តអគ្គិសនីយ៉ាងដិតដល់ និងសម្របសម្រួលជាមួយភ្នាក់ងារដូចជាអាជ្ញាធរទីផ្សារថាមពល ក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍ (HDB) និង JTC ត្រួតពិនិត្យការអភិវឌ្ឍឧស្សាហកម្មនៅក្នុងប្រទេសសិង្ហបុរីដើម្បីជំរុញការប្រើប្រាស់ឡានអគ្គិសនី។ លោកស្រីថាទីភ្នាក់ងារនានានឹងធ្វើការរួមគ្នាដើម្បីដាក់ពង្រាយឆ្នាំងសាករថយន្ត EV និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗឲ្យកាន់តែច្រើនបន្ថែមទៀត។
សម្រាប់លោកស្រី Sun ចំណតរថយន្តដែលមានតម្រូវការខ្ពស់ អាជ្ញាធរដឹកជញ្ជូនផ្លូវគោក នឹងធ្វើការជាមួយប្រតិបត្តិករឆ្នាំងសាករថយន្ត EV ដើម្បីដាក់ពង្រាយឆ្នាំងសាកបន្ថែមទៀត ប្រសិនបើសមត្ថភាពអគ្គិសនីអនុញ្ញាតគ្រប់គ្រាន់ក្នុងការដាក់ពង្រាយ។ លោកស្រីបន្ថែមទៀតថាក្នុងនោះនឹងមានមជ្ឈមណ្ឌលសាកថ្មលឿនយ៉ាងហោចណាស់មួយនៅក្នុងទីក្រុងនីមួយៗនៅចុងឆ្នាំ ២០២៧។ យោងតាមស្ថិតិចុងក្រោយបំផុតរបស់ អាជ្ញាធរដឹកជញ្ជូនផ្លូវគោក រថយន្ត EV មានចំនួន ៥៧.៦ ភាគរយនៃការចុះបញ្ជីរថយន្តថ្មីសម្រាប់ត្រីមាសទីមួយនៃឆ្នាំ ២០២៦ ដែលនេះគឺជាការកើនឡើងពី ៤៥ ភាគរយដែលបានកត់ត្រាទុកក្នុងឆ្នាំ ២០២៥៕