បាងកក៖ បញ្ហាបំណុលក្នុងវិស័យកសិកម្មរបស់ប្រទេសថៃ កំពុងធ្លាក់ចុះទៅក្នុងស្ថានភាពកាន់តែអាក្រក់។ យោងតាមលទ្ធផលស្រាវជ្រាវដែលពាក់ព័ន្ធនឹងធនាគារកណ្តាលថៃ បានឱ្យដឹងថា កសិករជាង ៤០០,០០០ នាក់ កំពុងជាប់ផុងក្នុង «វដ្តបំណុល»ដែលពួកគេមានលទ្ធភាពបង់បានត្រឹមតែការប្រាក់ប៉ុណ្ណោះ ខណៈចំណូលសរុបមានការធ្លាក់ចុះជាបន្តបន្ទាប់។នេះបើតាមការចេញផ្សាយរបស់កាសែតខាវស៊ត។
ទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Puey Ungphakorn បានបង្ហាញថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ បំណុលកសិករបានកើនឡើងគ្រប់ក្រុមទាំងអស់ ដោយមានកម្រិតបំណុលមធ្យមប្រហែល ២៥០,០០០ បាត (ខ្ពស់ជាងគ្រួសារទូទៅដល់ទៅ ៣ ដង)។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ៣០% នៃកសិករ មានបំណុលកើនឡើងទ្វេដងក្នុងរយៈពេលត្រឹមតែ ៨ ឆ្នាំ និងមានកសិករត្រឹមតែ ១០% ប៉ុណ្ណោះ ដែលមានសមត្ថភាពសងកាត់ប្រាក់ដើមជាប្រចាំ។
វិទ្យាស្ថានបានបន្តថា ប្រហែលពាក់កណ្តាលនៃអ្នកខ្ចី កំពុងបង់បានត្រឹមតែការប្រាក់ប៉ុណ្ណោះ ដែលតួលេខនេះបានហក់ឡើងពី ២០% កាលពី ៨ ឆ្នាំមុន។
របាយការណ៍ដដែលបានរកឃើញថា កសិករប្រហែល ៤២% ខ្វះខាតចំណូលសម្រាប់សងបំណុល ដោយសារប្រាក់ចំណូលក្នុងវិស័យនេះមានភាពមិនទៀងទាត់ និងតែងតែធ្លាក់ចុះជារៀងរាល់ ២ ទៅ ៣ ឆ្នាំម្តង។ លើសពីនេះ បញ្ហារចនាសម្ព័ន្ធដូចជា កាលវិភាគសងប្រាក់មិនស៊ីសង្វាក់គ្នា នឹងរដូវកាលប្រមូលផល និង ការចំណាយលើប្រតិបត្តិការខ្ពស់ ក៏ជាឧបសគ្គចម្បងដែលរារាំងដល់ការសងបំណុលផងដែរ។
ក្រុមអ្នកស្រាវជ្រាវបានព្រមានថា វិធានការផ្អាកការសងបំណុលកន្លងមក គ្រាន់តែជាការដោះស្រាយបញ្ហាចំពោះមុខមួយគ្រាប៉ុណ្ណោះ។ ផ្ទុយទៅវិញ វាកាន់តែធ្វើឱ្យវិន័យហិរញ្ញវត្ថុរបស់អ្នកខ្ចីចុះខ្សោយ និងមិនអាចដោះស្រាយបញ្ហាឫសគល់នៃបំណុលបានឡើយ។
ដើម្បីដោះស្រាយវិបត្តិនេះ អ្នកជំនាញបានស្នើនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ រួមមានការផ្តល់ជំនួយដល់ក្រុមដែលមានតម្រូវការពិតប្រាកដ និងមានប្រសិទ្ធភាព។កែសម្រួលលក្ខខណ្ឌសងប្រាក់ឡើងវិញ ឱ្យស្របតាមសមត្ថភាពជាក់ស្តែងរបស់អ្នកខ្ចី។
ជាចុងក្រោយតាមរយៈ ការយកបច្ចេកវិទ្យាឆ្លាតវៃមកប្រើ ដើម្បីវាយតម្លៃសក្តានុពលហិរញ្ញវត្ថុ និងរៀបចំកម្មវិធីជំនួយឱ្យកាន់តែមានភាពជាក់លាក់ និងទាន់សម័យ។