ថៃ៖ អាជ្ញាធរខេត្តច័ន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី០៤ ខែឧសភា បានរកឃើញ និងរឹបអូសធុរេនខ្ចីជាង ១.៥ តោន នៅឯសិប្បកម្មវេចខ្ចប់មួយកន្លែង។ អាជ្ញាធរថៃបានចេញលិខិតព្រមានជាផ្លូវការដល់ម្ចាស់អាជីវកម្ម ដោយបញ្ជាក់ថា ក្នុងករណីមានការរំលោភបំពានដដែលៗ អាជ្ញាប័ណ្ណនាំចេញនឹងត្រូវផ្អាកពី ៣០ ទៅ ៩០ ថ្ងៃ ឬអាចនឹងត្រូវដកហូតជាអចិន្ត្រៃយ៍តែម្តង។ អាជ្ញាធរថៃបានពន្យល់ថា វិធានការក្ដៅនេះ គឺដើម្បីទប់ស្កាត់ការនាំចេញផ្លែឈើដែលមិនគ្រប់ស្តង់ដារ និងការពារកេរ្តិ៍ឈ្មោះកសិផលរបស់ប្រទេសថៃនៅលើទីផ្សារអន្តរជាតិ។ នេះបើតាមការចេញផ្សាយរបស់កាសែត The Nation។
យោងតាមរបាយការណ៍មន្ត្រីមូលដ្ឋានថៃ ប្រតិបត្តិការចុះត្រួតពិនិត្យនេះត្រូវបានធ្វើឡើងដោយក្រុមការងារចម្រុះ រួមមានផ្នែកសន្តិសុខ និងអាជ្ញាធរកសិកម្ម ដោយបានកំណត់គោលដៅលើទីតាំងតម្រៀប និងវេចខ្ចប់ក្នុងស្រុក Tha Mai និងក្រុងច័ន្ទបុរី។
ក្នុងអំឡុងពេលត្រួតពិនិត្យនៅសង្កាត់ Sa Kaeo មន្ត្រីជំនាញថៃ បានរកឃើញធុរេនដែលបានរៀបចំដាក់ប្រអប់រួចជាស្រេចសម្រាប់ត្រៀមដឹកជញ្ជូន។ តាមរយៈការធ្វើតេស្តដោយចៃដន្យ គេបានរកឃើញថាធុរេនទាំងនោះមិនទាន់គ្រប់ស្តង់ដារសាច់ដែលបានកំណត់ (Dry Matter) នោះទេ ពោលគឺសម្រាប់ធុរេនប្រភេទ «ម៉នថង» ត្រូវតែមានកម្រិតសាច់ស្ងួតយ៉ាងតិច ៣២%។
ក្នុងប្រតិបត្តិការនោះ អាជ្ញាធរថៃបានបញ្ជាឱ្យរុះរើប្រអប់ចំនួន ៣៥០ ប្រអប់ (ទម្ងន់សរុបប្រហែល ៧ តោន) ដើម្បីពិនិត្យឱ្យបានលម្អិត។ ក្នុងនោះ ធុរេនខ្ចីចំនួន ៥២៩ ផ្លែ ដែលមានទម្ងន់ប្រមាណ ១.៥ តោន ត្រូវបានញែកចេញ និងបាញ់ថ្នាំពណ៌ក្រហមចំណាំ ដើម្បីបង្ការការលួចបន្លំលាយឡំជាមួយទំនិញមានគុណភាព។
គួរបញ្ជាក់ថា ធុរេនថៃកំពុងប្រឈមនឹងបញ្ហាធ្លាក់ថ្លៃខ្លាំង ដោយកន្លែងខ្លះមានតម្លៃត្រឹមជាង ១០,០០០ រៀលប៉ុណ្ណោះក្នុងមួយផ្លែ (ប្រហែល ៨០-៩០ បាត)។ ហេតុនេះ ការរឹតបន្តឹងលើគុណភាពគឺជាវិធានការចាំបាច់បំផុត ដើម្បីស្រោចស្រង់តម្លៃទីផ្សារឡើងវិញ។