ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច បានសម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៦ តទៅ។ ការសម្រេចដូច្នេះ ដោយអនុលោមតាមការសម្រេចរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្តីពីវិធានការ ដើម្បីគ្រប់គ្រងវិស័យផលិតស្រាបៀរ និង ភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច សម្រេចអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល ដោយហាមឃាត់ការផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ភេសជ្ជៈមានជាតិស្ករ ជាពិសេសភេសជ្ជៈ ប៉ូវកម្លាំង ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦ ហើយចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ គ្រប់សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិត នូវគម្របផលិតផលភេសជ្ជៈមានជាតិស្ករ ដែលមានការផ្តល់រង្វាន់ទៀតឡើយ។ឮ
ការសម្រេចនេះ ដោយពន្យល់ថា មានគោលដៅ ពង្រឹងការប្រកួតប្រជែងដោយស្មើភាពគ្នា និង ការលើកកម្ពស់អនុលោមភាពបន្ថែមទៀត ដោយបញ្ឈប់ទាំងស្រុងនូវការផ្តល់រង្វាន់លើក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ផលិតផលគ្រឿងស្រវឹងត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦ ហើយចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦តទៅ គ្រប់សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និង មិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិតនូវគម្របផលិតផលគ្រឿងស្រវឹង ដែលមានការផ្តល់រង្វាន់ទៀតឡើយ៕