ចិន៖ មានមនុស្សយ៉ាងហោចណាស់ ២៦នាក់ត្រូវបានសម្លាប់ និង និង ៦១ នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍វិនាសកម្មនៃការផ្ទុះរោងចក្រផលិត និងតាំងកាំជ្រួច Huasheng ក្នុងទីក្រុង Liuyang ក្រុង Changsha កាលពីរសៀលថ្ងៃចន្ទ។ មន្ត្រីក្នុងតំបន់បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Liuyang កាលពីរសៀលថ្ងៃអង្គារថា ប្រតិបត្តិការជួយសង្គ្រោះនៅនឹងកន្លែងត្រូវបានបញ្ចប់ ដោយមានកិច្ចខិតខំប្រឹងប្រែងដើម្បីព្យាបាលអ្នករងរបួស ការពារគ្រោះមហន្តរាយបន្ទាប់បន្សំ និងត្រួតពិនិត្យរោងចក្រដែលបានឆាបឆេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន CCTV+។
បើតាមលោក Ding Weiming ប្រធានផ្នែកពន្លត់អគ្គិភ័យ និងជួយសង្គ្រោះក្រុង Changsha បានបញ្ជាក់ថា ប្រតិបត្តិការជួយសង្គ្រោះកំពុងប្រឈមនឹងឧបសគ្គធំៗពីរ គឺគ្រោះថ្នាក់ពីសំណល់ជាតិផ្ទុះក្នុងឃ្លាំងដែលមិនទាន់អាចចល័តចេញបាន និងស្ថានភាពអគារដែលបានបាក់រលំខ្ទេចខ្ទី។ កត្តាទាំងនេះមិនត្រឹមតែគំរាមកំហែងដល់សុវត្ថិភាពក្រុមអ្នកជួយសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរាំងស្ទះដល់ការស្វែងរកជនរងគ្រោះដែលកប់ក្រោមគំនរបាក់បែកផងដែរ។ លោកបន្តថាបច្ចុប្បន្ន ជនរងគ្រោះដែលភាគច្រើនរងរបួសបាក់ឆ្អឹង និងប៉ះទង្គិចផ្លូវចិត្ត កំពុងស្ថិតក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យចំនួនពីរ។
ឆ្លើយតបជាមួយហេតុការណ៍ដ៌រន្ធត់នេះលោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យបើកប្រតិបត្តិការសង្គ្រោះបន្ទាន់កម្រិតធំ ដោយប្រើប្រាស់កម្លាំងជំនាញជាង ៤៨០ នាក់ រួមជាមួយមនុស្សយន្តជួយសង្គ្រោះ។ អាជ្ញាធរចិន មិនទាន់បញ្ជាក់ពីមូលហេតុនៃការផ្ទុះនៅឡើយទេ ប៉ុន្តែបានឃាត់ខ្លួនអ្នកទទួលខុសត្រូវរោងចក្រ និងបញ្ជាឱ្យផ្អាកអាជីវកម្មផលិតកាំជ្រួចទាំងអស់ជាបណ្តោះអាសន្នដើម្បីធ្វើការត្រួតពិនិត្យស្តង់ដារសុវត្ថិភាពឡើងវិញឱ្យបានម៉ឺងម៉ាត់បំផុត៕