ភ្នំពេញ៖ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ”។ ការប្រកួតនេះ មានកីឡាករ និងកីឡាការិនី ចំនួន ២៦៨៩នាក់ ដោយប្រកួតលើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ដោយប្រើប្រាស់ទីលានចំនួន ១០ទីតាំង។
យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ”នៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការរៀបចំដោយនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាជាតិទំាង ១២ ប្រភេទកីឡា។ កម្មវិធីនេះ មានប្រតិភូ អ្នកដឹកនាំក្រុម និងគ្រូបង្វឹកចូលរួមចំនួន ៦៤៧នាក់ កីឡាករ និងកីឡាការិនី ចំនួន ២៦៨៩នាក់។
គួរបញ្ជាក់ថា ក្រសួងអប់រំ បាននិងកំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតលើការលើកកម្ពស់គុណភាពអប់រំ ឌីជីថលូបនីយកម្ម និងការពង្រឹងវិន័យសាលារៀន។ យុទ្ធសាស្ត្រសំខាន់ៗ រួមមានការអភិវឌ្ឍមូលធនមនុស្ស ការពង្រឹងអប់រំបច្ចេកទេស និងការលើកកម្ពស់អប់រំកាយ-កីឡា ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច និងសង្គម៕