681 ezgif.com resize
Moneygramott moi1280x163px

មន្ត្រីថៃរត់ឯកសារក្លែងក្លាយជួយស្ត្រីជនជាតិចិនដែលពាក់ព័ន្ធ Online Scams ឱ្យបានចុះសំបុត្រ “អាពាហ៍ពិពាហ៍ក្លែងក្លាយ” ដើម្បីលាងលុយជាង ២ ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ថៃ៖ អាជ្ញាធរប្រទេសថៃ នៅពេលថ្មីៗនេះ បានបើកការស្រាវជ្រាវរកឃើញមន្ត្រីជនជាតិថៃមួយចំនួន បានចូលរួមរៀបចំឯកសារក្លែងក្លាយជួយដល់ ស្ត្រីជាជនជាតិចិន ដែលពាក់ព័ន្ធ Online Scams អាចចុះសំបុត្រ “អាពាហ៍ពិពាហ៍ក្លែងក្លាយ” ដើម្បីឲ្យកូនទទួលបានសញ្ជាតិថៃ ហើយលាងលុយប្រហែលជាង ២ ពាន់លានដុល្លារ។

យោងតាមប៉ូលីសថៃ កាលពីថ្ងៃទី ២៩ មេសា បានចាប់ខ្លួនជនសង្ស័យចំនួន ៥ នាក់ រួមមានជនជាតិចិនដែលជាប្តីប្រព​ន្ធ ២ នាក់ និង បុរសថៃ ៣ នាក់ ដែលត្រូវបានជួលឲ្យចុះឈ្មោះអាពាហ៍ពិពាហ៍​​ ក្លែងក្លាយ​ ជាមួយស្ត្រីជនជាតិចិន។ ក្នុងនោះមានមន្ត្រីថៃមួយរូប ត្រូវបានស៊ើបអង្កេតពីបទពាក់ព័ន្ធក្លែងបន្លំឯកសារ។

បើតាមការស៊ើបអង្កេត ករណីនេះភ្ជាប់ទៅនឹងសំណុំរឿងលាងលុយធំមួយក្នុងឆ្នាំ ២០២៤ ដែលជនសង្ស័យជនជាតិចិនម្នាក់ ត្រូវបានចោទថា បានលាងលុយប្រហែល ៧០ ពាន់លានបាត ស្មើនឹងប្រហែល ជាង ២ពាន់លានដុល្លារ សម្រាប់បណ្ដាញបោកប្រាស់តាមអនឡាញ (online scam)។ ប្រាក់ទាំងនេះ ត្រូវបានផ្ទេរទៅឱ្យប្រពន្ធជនជាតិចិនរបស់គាត់ ដែលបានចុះសំបុត្រ “អាពាហ៍ពិពាហ៍ក្លែងក្លាយ” ជាមួយបុរសជនជាតិថៃ ខណៈកូនជនជាតិចិន ៣ នាក់ ទទួលបានសញ្ជាតិថៃ។

អាជ្ញាធរបានរកឃើញថា ស្ត្រីនោះបានប្រើ “អាពាហ៍ពិពាហ៍ក្លែងក្លាយ” ជាមួយបុរសថៃ ដើម្បីឲ្យកូនទទួលបានសញ្ជាតិ ដោយប្រើវិធីសាស្ត្រស្រដៀងគ្នា ហើយបានរកឃើញយ៉ាងហោចណាស់ ៥ ករណីផ្សេងទៀត ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ត។

ប៉ូលីសថៃ បញ្ជាក់ថា ការទទួលបានសញ្ជាតិថៃ អាចអនុញ្ញាតឲ្យកាន់កាប់ទ្រព្យសម្បត្តិ បើកអាជីវកម្ម និងធ្វើដំណើរបានយ៉ាងងាយស្រួល ដែលអាចត្រូវបានប្រើសម្រាប់លាងលុយ និងពង្រីកបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន៕

Khcct banner

អត្ថបទទាក់ទង