ថៃ៖ ម្ចាស់ចម្ការទុរេនម្នាក់នៅក្នុងស្រុកសើងសាង(គោរ៉ាត) ខេត្តនគររាជសីមា ប្រទេសថៃ បានបង្ហោះវីដេអូបង្ហាញពីទិដ្ឋភាពដ៏ក្រៀមក្រំក្នុងចម្ការរបស់ខ្លួន បន្ទាប់ពីទទួលរងការវាយប្រហារដោយខ្យល់ព្យុះយ៉ាងចាស់ដៃ កាលពីថ្ងៃទី២ ខែឧសភាកន្លងទៅ។ ផ្លែធុរេនដែលជ្រុះរាយប៉ាយពេញដីទាំងនោះ ត្រូវបានប៉ាន់ស្មានជាបឋមថាមានទម្ងន់មិនតិចជាង ៤ តោន ឡើយ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon។
ប្រភពដដែលបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២ ឧសភា មានព្យុះរដូវប្រាំងមួយបានកើតឡើងនៅក្នុងតំបន់ស្រុកសើងសាង ដោយបង្កជាខ្យល់កន្ត្រាក់ខ្លាំងក្នុងរយៈពេលប្រហែល ១៥ នាទី។ ក្រោយពេលព្យុះស្ងប់ ម្ចាស់ចម្ការបានចុះទៅពិនិត្យស្ថានភាព ក៏ស្រាប់តែឃើញផ្លែទុរេនជ្រុះពេញដី បង្កជាការខាតបង់យ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក។
អ្វីដែលគួរឱ្យស្ដាយបំផុតនោះគឺ ផ្លែទុរេនទាំងនេះមានអាយុកាលប្រហែល ៨០ ថ្ងៃ ទៅហើយ ពោលគឺជិតដល់ពេលប្រមូលផលលក់ចេញទៅកាន់ទីផ្សារក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែបែរជាត្រូវមកវិនាសដោយសារគ្រោះធម្មជាតិទៅវិញ។ ម្ចាស់ចម្ការបានរៀបរាប់ទាំងក្ដីអស់សង្ឃឹមថា ទុរេនដែលជ្រុះទាំងនេះមិនទាន់មានសាច់គ្រប់គ្រាន់សម្រាប់យកទៅកែច្នៃជាទុរេនបំពងបានឡើយ យ៉ាងច្រើនបំផុតគឺមានតែចែកជូនអ្នកភូមិយកទៅចម្អិនជាម្ហូបអាហារបន្តិចបន្តួចប៉ុណ្ណោះ ហើយបើគ្មានអ្នកចង់បានទេ មានតែសម្រេចចិត្តប្រមូលយកទៅចោលទាំងអស់។
គួរបញ្ជាក់ផងដែរថា ក្រៅពីផលប៉ះពាល់នៃគ្រោះធម្មជាតិ វិបត្តិទុរេនធ្លាក់ថ្លៃក៏កំពុងក្លាយជាកង្វល់ដ៏ធំ ដែលធ្វើឱ្យកសិករថៃត្អូញត្អែរយ៉ាងខ្លាំង ខណៈតម្លៃបច្ចុប្បន្នបានធ្លាក់ចុះមកត្រឹមជាង ១ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយផ្លែ។ កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthumpun បានប្រកាសនឹងជួលអ្នកផលិតមាតិកា (Content Creators) ល្បីៗមកពីប្រទេសចិន ដើម្បីជួយផ្សព្វផ្សាយ និងជំរុញការលក់ទុរេនដល់ក្នុងចម្ការផ្ទាល់ ក្នុងពេលមានវិបត្តិនាពេលនេះ។