ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាលពីថ្ងៃអាទិត្យថា មានយ៉ាងហើចណាស់មនុស្សបីនាក់បានស្លាប់ និងម្នាក់កំពុងស្ថិតក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីការឆ្លងមេរោគ hantavirus នៅលើនាវាទេសចរណ៍មួយគ្រឿងនៅក្នុងមហាសមុទ្រអាត្លង់ទិក។ យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ករណីឆ្លងមួយត្រូវបានបញ្ជាក់ដោយការធ្វើតេស្តមន្ទីរពិសោធន៍ និងប្រាំនាក់ផ្សេងទៀតត្រូវបានសង្ស័យថាកំពុងតែមានការឆ្លងមេរោគ Hantavirus ។
អង្គការសុខភាពពិភពលោក (WHO) ប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ X ថា "WHO បានដឹង និងគាំទ្រព្រឹត្តិការណ៍សុខភាពសាធារណៈដែលពាក់ព័ន្ធនឹងនាវាទេសចរណ៍មួយគ្រឿងដែលកំពុងធ្វើដំណើរនៅក្នុងមហាសមុទ្រអាត្លង់ទិក។ WHO បន្តថារហូតមកដល់បច្ចុប្បន្ន ករណីឆ្លងមេរោគ hantavirus មួយត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ហើយមានករណីសង្ស័យបន្ថែមចំនួនប្រាំទៀតកំពុងតែត្រូវបានមន្រ្តីជំនាញធ្វើការស្វែងរកមេរោគ។ ក្នុងចំណោមបុគ្គលដែលរងផលប៉ះពាល់ទាំងប្រាំមួយនាក់ មានបីនាក់បានស្លាប់ និងម្នាក់កំពុងស្ថិតក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់នៅអាហ្វ្រិកខាងត្បូង។
បើតាម WHO មេរោគ Hantavirus គឺជាប្រភេទមេរោគឆ្លងដ៏កម្រមួយ ប៉ុន្តែអាចបណ្តាលឲ្យស្លាប់ ដែលជាធម្មតារីករាលដាលដល់មនុស្សតាមរយៈការប៉ះពាល់ជាមួយសត្វកណ្តុរដែលឆ្លងមេរោគ ជាពិសេសតាមរយៈទឹកនោម លាមក ឬទឹកមាត់របស់វា។ ក្នុងករណីធ្ងន់ធ្ងរ ការឆ្លងមេរោគអាចនាំឱ្យមានរោគសញ្ញាសួត hantavirus ដែលជាស្ថានភាពមួយដែលបណ្តាលឱ្យសារធាតុរាវកកកុញនៅក្នុងសួត និងធ្វើឱ្យពិបាកដកដង្ហើម។ រោគសញ្ញាដំបូងៗច្រើនតែស្រដៀងនឹងជំងឺផ្តាសាយ គ្រុនក្តៅ អស់កម្លាំង និងឈឺសាច់ដុំ ប៉ុន្តែវាអាចកាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័ស៕