វៀតណាម៖ ព្យុះព្រិល និងផ្គររន្ទះកាលពីល្ងាចថ្ងៃសៅរ៍បានធ្វើឱ្យមនុស្ស ៥ នាក់រងរបួស និងបណ្តាលឲ្យដំបូលផ្ទះប្រហែល ៣៥០ ខ្នងរហែកចេញ និងរងការខូចខាតនៅទូទាំងទីក្រុងហាណូយ និងខេត្តភាគខាងជើងមួយចំនួនដោយក្នុងនោះមានខេត្តរងគ្រោះដូចជា ខេត្តឌៀនបៀន ឡៃចូវ ឡាវកាយ ទុយៀនក្វាង ភូថូ និងថៃង្វៀន។
យោងតាមកាសែតវៀតណាម VNExpress តំបន់ជាច្រើនបានកត់ត្រាទឹកភ្លៀងជាង ៨០ មីលីម៉ែត្រនៅព្រឹកថ្ងៃអាទិត្យ ដូចជាសង្កាត់បាក់យ៉ាង (៩៦ មីលីម៉ែត្រ) នៃខេត្តបាក់និញ និងសង្កាត់សួនឌិញទីក្រុងហាណូយ (៩០ មីលីម៉ែត្រ)។ តំបន់ជាច្រើន រួមទាំងឃុំថាញ់អាន ខេត្តឌៀនបៀន និងឃុំអុងហ័រ និងមីឌឹក ទីក្រុងហាណូយ បានរាយការណ៍ថាមានព្រិលធ្លាក់កម្ពស់ ៤-៥ សង់ទីម៉ែត្រ ដែលបានបំផ្លាញផ្ទះ និងដំណាំ។ គិតត្រឹមម៉ោង ៦:៣០ ព្រឹកថ្ងៃអាទិត្យ មនុស្ស ៥ នាក់នៅថៃង្វៀនបានរងរបួស។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានរាយការណ៍ថាមានផ្ទះប្រហែល ៣៥០ ខ្នងត្រូវបានរបើកដំបូល រួមទាំង ៣០៩ ខ្នងនៅខេត្តថៃង្វៀន ៤០ ខ្នងនៅខេត្តឌៀនបៀន និងមួយខ្នងនៅខេត្តឡាវកាយ ស្រូវ និងដំណាំប្រហែល ៩១៩ ហិកតាត្រូវបានខូចខាត ភាគច្រើននៅខេត្តឌៀនបៀន (៧៦៧ ហិកតា) និងខេត្តថៃង្វៀន (១៥២ ហិកតា)។ សាលារៀនចំនួនប្រាំមួយនៅខេត្តថៃង្វៀនរងការប៉ះពាល់ និងបង្គោលភ្លើងចំនួន ១២ ត្រូវបានដួលរលំ ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីក្នុងតំបន់។ អាជ្ញាធរមូលដ្ឋាននៅតែកំពុងវាយតម្លៃពីវិសាលភាពនៃការខូចខាតនៃការវាយប្រហាររបស់ព្យុះព្រិលមួយនេះ៕