ភ្នំពេញ៖ កម្មវិធី Youth Leadership Summit ឆ្នាំ២០២៦ កំពុងបើកទទួលពាក្យជ្រើសរើសយុវជនដែលមានអាយុចន្លោះ ១៨ ទៅ ៣០ ឆ្នាំ ដែលមានឆន្ទៈក្នុងការដោះស្រាយបញ្ហាក្នុងសហគមន៍ ដើម្បីពង្រឹងសមត្ថភាពក្នុងការកែប្រែពីគំនិតទៅជាសកម្មភាពឆ្លើយតបនឹងបញ្ហា។ កម្មវិធីនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ សីហា ឆ្នាំ២០២៦។
យោងតាមគេហទំព័រ SEALNet Youth Leadership Summit បានឱ្យដឹងថា កម្មវិធីYouth Leadership Summit ជាកម្មវិធីមួយដែលនឹងបណ្តុះបណ្តាលយុវជនដើម្បីអាចមានសមត្ថភាពក្នុងការពង្រឹងភាពអង់អាចយុវជនជំនាន់ក្រោយនៅអាស៊ីអាគ្នេយ៍ ក្រោមផ្នត់គំនិតសហគមន៍ជាចម្បង។
តាមរយៈកម្មវិធីនេះ យុវជននឹងអាចកសាងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងគម្រោងតាមរយៈការចូលរួមសិក្ខាសាលា ព្រមទាំងបង្កើតបណ្តាញទំនាក់ទំនងជាមួយយុវជនដែលមានផ្នត់គំនិតស្រដៀងគ្នាមកពីបណ្តាអាស៊ីអាគ្នេយ៍ ។ ជាពិសេស បេក្ខជនដែលត្រូវបានជ្រើសរើសនឹងមានឱកាសក្នុងការដឹកនាំគម្រោង SEALNet Summer Project នៅឆ្នាំ២០២៧ផងដែរ។
ដើម្បីអាចដាក់ពាក្យចូលរួមបាន បេក្ខជនត្រូវមានអាយុចន្លោះ ១៨ ទៅ៣០ ឆ្នាំ ដែលអាចចូលរួមពេញលេញនៅប្រទេសឡាវអំឡុងពេលកម្មវិធីចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៨ សីហា ឆ្នាំ២០២៦។ បេក្ខជនត្រូវមានបទពិសោធន៍ធ្វើការងារសហគមន៍ និងការងារស្ម័គ្រចិត្ត ដែលមានឆន្ទៈក្នុងការដឹកនាំសហគន៍ដើម្បីបង្កើតផលវិជ្ជមានទៅកាន់សង្គម។ បេក្ខជនត្រូវអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ និងមានឆន្ទៈក្នុងការអភិវឌ្ឍសហគមន៍ក្នុងអាស៊ីអាគ្នេយ៍។ បន្ថែមពីនេះ បេក្ខជនត្រូវផ្តួចផ្តើមគំនិតសម្រាប់គម្រោង SEALNet Summer Projects 2027។
គួរបញ្ជាក់ថា ដើម្បីអាចដាក់ពាក្យបាន បេក្ខជនអាចចូលទៅបំពេញពាក្យតាមរយៈតំណភ្ជាប់ https://bit.ly/yls26application ឱ្យបានត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦៕