ថៃ៖ ក្រុមសង្គ្រោះបន្ទាន់ និងកម្លាំងនគរបាលស្រុក សាមុតប្រាកាន (Samut Prakan) ប្រទេសថៃ នៅព្រឹកថ្ងៃអាទិត្យនេះ បានចុះអន្តរាគមន៍ជាបន្ទាន់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រហ្វឹកហ្វឺនប្រភេទ Guimbal Cabri G2 មួយគ្រឿង នៅក្នុងតំបន់ព្រៃក្រាស់ក្បែរស្ថានីយប្រេង PTT និងមជ្ឈមណ្ឌលថែទាំរថភ្លើង BTS។នេះបើតាមការចេញផ្សាយរបស់កាសែតខាវស៊ត។
តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ឧទ្ធម្ភាគចក្រឯកជននេះបានហោះចេញពីមូលដ្ឋាននៅវេលាម៉ោង ០៨:៣០ ព្រឹក ក្នុងគោលបំណងឆ្ពោះទៅកាន់ខេត្តឈុនបុរី។ ប៉ុន្តែបន្ទាប់ពីហោះឡើងបានកម្ពស់ប្រហែល ១០ ម៉ែត្រ យន្តហោះស្រាប់តែជួបបញ្ហាបច្ចេកទេសខ្វះថាមពលម៉ាស៊ីន ដែលបង្ខំឱ្យអ្នកបើកបរព្យាយាមចុះចតជាបន្ទាន់។
អាជ្ញាធរថៃបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលចុះចត ស្លាបចក្រយន្តហោះបានបោកទង្គិចជាមួយស្មៅខ្ពស់ៗ បង្កឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំងជុំវិញផ្នែកម៉ាស៊ីន ប៉ុន្តែសំណាងល្អ អ្នកបើកបរ និងជាងជួសជុលម្នាក់ទៀតបានភៀសខ្លួនចេញពីយន្តហោះទាន់ពេលវេលា ដោយរងរបួសស្រាលតែប៉ុណ្ណោះ។
គិតមកទល់ពេលនេះ មន្ត្រីកោសល្យវិច័យកំពុងធ្វើការពិនិត្យកន្លែងកើតហេតុយ៉ាងលម្អិត ខណៈដែលតំបន់នោះត្រូវបានបិទខ្ទប់ដើម្បីប្រមូលភស្តុតាងបន្ថែម។ បើតាមការស៊ើបអង្កេតបឋម យន្តហោះនេះមានឯកសារហោះហើរត្រឹមត្រូវ និងស្ថិតក្នុងស្ថានភាពបច្ចេកទេសល្អ មុនពេលជួបគ្រោះថ្នាក់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ៕