អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី០២ ខែឧសភា បានប្រកាសដកកងទ័ពជាង ៥,០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដែលជាចំណាត់ការតបតយ៉ាងក្តៅគគុក ក្រោយរងការរិះគន់ពីសំណាក់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញការបរាជ័យនៃយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងសង្រ្គាមនៅអ៊ីរ៉ង់។ លោក Merz បានលើកឡើងថា អាម៉េរិកបានរងនូវ «ភាពអាម៉ាស់» ក្រោមដៃអ្នកចរចាអ៊ីរ៉ង់ ដែលជាហេតុធ្វើឱ្យលោក ត្រាំ សម្រេចចិត្តកាត់បន្ថយវត្តមានយោធាជាបន្ទាន់។
ថ្លែងប្រាប់សារព័ត៌មានBBC រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានបញ្ជាក់ថា ការសម្រេចចិត្តរបស់អាម៉េរិកគឺជាអ្វីដែលរដ្ឋាភិបាលលោក «បានដឹងទុកជាមុន»។ លោកសង្កត់ធ្ងន់ថា ទោះបីជាវត្តមានទ័ពអាម៉េរិកមានសារៈសំខាន់ ប៉ុន្តែអាល្លឺម៉ង់ត្រូវតែបង្កើនការទទួលខុសត្រូវលើសន្តិសុខផ្ទាល់ខ្លួនឱ្យកាន់តែខ្លាំង ដោយគ្រោងបង្កើនកញ្ចប់ថវិកាការពារជាតិរហូតដល់ ៣,១% នៃ GDP ដើម្បីឆ្លើយតបទៅនឹងការរិះគន់របស់លោក ត្រាំ ដែលថាអាល្លឺម៉ង់ «ខកខានកាតព្វកិច្ច» ក្នុងសម្ព័ន្ធភាពណាតូ។
តាមប្រភពដដែល ការប្រកាសដកទ័ពនេះបានបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងក្នុងចំណោមសមាជិកណាតូ ជាពិសេសពីសំណាក់នាយករដ្ឋមន្ត្រីប៉ូឡូញ និងសមាជិកសភាជាន់ខ្ពស់អាម៉េរិក។ ក្រុមអ្នករិះគន់ព្រមានថា ការដកកម្លាំងរារាំងចេញពីអឺរ៉ុប ចំពេលមានវិបត្តិនៅច្រកសមុទ្រ Hormuz និងការគំរាមកំហែងពីរុស្ស៊ី អាចធ្វើឱ្យសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកចុះខ្សោយ និងឈានទៅរកភាពរង្គោះរង្គើយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏បានព្រមានបន្ថែមថា លោកនឹងបន្តកាត់បន្ថយវត្តមានយោធាអាម៉េរិកបន្ថែមទៀត ប្រសិនបើសម្ព័ន្ធមិត្តអឺរ៉ុបមួយនេះ នៅតែមិនព្រមបង្កើនការចូលរួមឱ្យបានសមស្របតាមការចង់បានរបស់លោកនោះទេ៕