អាម៉េរិក៖ មន្ត្រីជាន់ខ្ពស់ FBI អាម៉េរិកម្នាក់បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ការជួលក្រុមរបស់ Hacker របស់រដ្ឋាភិបាលចិនកំពុងតែស្ថិតក្រោមការគ្រប់គ្រង និងតាមដានពីមន្រ្តីជំនាញ ដោយការបន្តជួលនេះកំពុងតែផ្តល់ឱ្យឧក្រិដ្ឋជនតាមអ៊ីនធឺណិតក្នុងការចូលជ្រៀតជ្រែកប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់អាម៉េរិកបាន FBI ព្រមានថាក្រុម Hacker ចិនអាចត្រូវបានចាប់ខ្លួននៅពេលពួកគេធ្វើដំណើរចេញពីប្រទេសកំណើតរបស់ពួកគេចូលក្នុងទឹកដីសហរដ្ឋអាម៉េរិក រឺប្រទេសជាដៃគូអាម៉េរិក។
ការអត្ថាធិប្បាយរបស់នាយករង FBI លោក Brett Leatherman បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការធ្វើបត្យាប័នជនជាតិចិន Xu Zewei អាយុ ៣៤ ឆ្នាំ ទៅកាន់សហរដ្ឋអាម៉េរិកពីប្រទេសអ៊ីតាលី ពីបទចោទប្រកាន់ថារូបគេបានចូលរួមក្នុងយុទ្ធនាការ Hack យ៉ាងខ្លាំងក្លាចន្លោះឆ្នា ២០២០ និង ២០២១ ចូលក្នុងប្រព័ន្ធសុខាភិបាលអាម៉េរិកពាក់ព័ន្ធជាមួយនឹងជំងឺកូវីដ១៩ តាមការណែនាំរបស់រដ្ឋាភិបាលចិន ដោយពេលនោះរូបគេកំពុងធ្វើការឱ្យអ្នកម៉ៅការចិនម្នាក់។
បើតាមលោក Brett Leatherman លោក Xu ត្រូវបានចាប់ខ្លួននៅទីក្រុង Milan ក្នុងខែកក្កដា ឆ្នាំ ២០២៥ ហើយត្រូវបានបញ្ជូនទៅសហរដ្ឋអាម៉េរិក បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការអ៊ីតាលីបានអនុញ្ញាតឱ្យធ្វើបត្យាប័ន។ លោកថាការការពារក្រុម Hacker ចិនទទួលបានតែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ មិនមានប្រសិទ្ធភាពនៅពេលដែលពួកគេឆ្លងកាត់ព្រំដែនទេ។
លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនចាត់ទុករដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានប្រឌិតសំណុំរឿងនេះឡើងដោយមានហេតុផលនយោបាយ ដែលរំលោភលើសេរីភាពផ្ទាល់ខ្លួន សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនជាតិចិន។ អ្នកនាំពាក្យរូបបន្តទៀតថា ការចោទប្រកាន់ប្រឆាំងនឹងលោក Xu គឺមិនសមហេតុផល និងមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន។
ក្រសួងយុត្តិធម៌អាម៉េរិកបានបញ្ជាក់កាលពីថ្ងៃទី ២៧ ខែមេសាថា លោក Xu រួមជាមួយអ្នកសមគំនិតជាច្រើននាក់ បានលួចចូលសាកលវិទ្យាល័យសុខាភិបាលអាម៉េរិកដោយធ្វើការស្រាវជ្រាវលើវ៉ាក់សាំង ការព្យាបាល និងការធ្វើតេស្ត COVID-19 ដោយមិនមានការអនុញ្ញាតពីរដ្ឋបាលសហព័ន្ធ។ ដោយក្នុងនោះលោក Xu និងអ្នកផ្សេងទៀតបានរាយការណ៍ពីការលួចចូលនេះទៅកាន់ការិយាល័យសន្តិសុខរដ្ឋសៀងហៃរបស់ក្រសួងសន្តិសុខរដ្ឋចិន ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយនៅក្នុងរដ្ឋាភិបាលចិន។ មន្ត្រីម្នាក់នៅក្នុងការិយាល័យនោះបានណែនាំលោក Xu ឱ្យកំណត់គោលដៅគណនីអ៊ីមែលជាក់លាក់ដែលជាកម្មសិទ្ធិរបស់អ្នកជំនាញខាងវីរុស និងអ្នកជំនាញខាងភាពស៊ាំ៕