ឌូបៃ៖ សហរដ្ឋអាម៉េរិកបានព្រមានក្រុមហ៊ុនដឹកជញ្ជូននាៗដែលឆ្លងកាត់ច្រកសមុទ្រហ័រមូសថា ពួកគេអាចប្រឈមមុខនឹងទណ្ឌកម្មចំពោះការបង់ប្រាក់ឱ្យអ៊ីរ៉ង់ដើម្បីឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាព ដោយការបង់ប្រាក់ៗនាទៅកាន់អ៊ីរ៉ង់ជាថ្នូរនឹងទទួលបានការឆ្លងកាត់ច្រកសមុទ្រមួយនេះនឹងប្រឈមនឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។
យោងតាមការជូនដំណឹងដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់សហរដ្ឋអាម៉េរិកបានបញ្ជាក់ថាក្រុមហ៊ុនដឹកជញ្ជូនគ្រប់ប្រភេទដែលធ្វើដំណើរតាមច្រកសមុទ្រហ័រមូស និងធ្វើការបង់ប្រាក់ជូនអ៊ីរ៉ង់ជាថ្នូរនឹងការបានឆ្លងកាត់ច្រកសមុទ្រមួយនេះនឹងប្រឈមជាមួយនឹងទណ្ឌកម្មរបស់អាម៉េរិក។ ដោយការបង់ប្រាក់នឹងរាប់បញ្ចូលការផ្ទេរមិនត្រឹមតែជាសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង "ទ្រព្យសកម្មឌីជីថល ការទូទាត់សង ការដោះដូរក្រៅផ្លូវការ ឬការទូទាត់ជាសាច់ប្រាក់ផ្សេងទៀត" រួមទាំងការបរិច្ចាគសប្បុរសធម៌ និងការទូទាត់នៅស្ថានទូតអ៊ីរ៉ង់ជាដើម។
បើតាម OFAC (ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស) បញ្ជាក់ទៀតសេចក្តីជូនដំណឹងនេះដើម្បីព្រមានដល់បុគ្គលអាម៉េរិក និងមិនមែនអាម៉េរិកអំពីហានិភ័យនៃទណ្ឌកម្មនៃការធ្វើការទូទាត់ទាំងនេះទៅ ឬស្នើសុំការធានាពីរបបអ៊ីរ៉ង់សម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាព។ គួររម្លឹកថាសហរដ្ឋអាម៉េរិកបានឆ្លើយតបទៅនឹងការបិទច្រកសមុទ្ររបស់អ៊ីរ៉ង់ជាមួយនឹងការបិទផ្លូវទឹករបស់ខ្លួននៅថ្ងៃទី ១៣ ខែមេសា ដោយរារាំងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ណាមួយពីការចាកចេញ និងដកហូតប្រាក់ចំណូលប្រេងពីអ៊ីរ៉ង់។ បញ្ជាការកណ្តាលសហរដ្ឋអាម៉េរិកបានអះអាងថា កប៉ាល់ពាណិជ្ជកម្មចំនួន ៤៥ គ្រឿងត្រូវបានប្រាប់ឱ្យត្រឡប់ក្រោយវិញចាប់តាំងពីការបិទផ្លូវបានចាប់ផ្តើម៕