ភ្នំពេញ៖ កម្មវិធីអាហារូបករណ៍ស្រ្តីរបស់ Education First Cambodia កំពុងផ្តល់អាហារូបករណ៍ផ្នែកហិរញ្ញវត្ថុ និងវគ្គបណ្តុះបណ្តាលដល់និស្សិតស្រីដែលកំពុងសិក្សាឆ្នាំទី២ និងឆ្នាំទី៣នៅសាកលវិទ្យាល័យដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ អាហារូបករណ៍នេះ នឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការនៃ Education First Cambodia ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍និស្សិតស្រីត្រូវគោរពតាមលក្ខខណ្ឌដូចជា និស្សិតដែលចាប់ផ្តើមសិក្សាឆ្នាំទី២ ក្នុងខែវិច្ឆិកា ដែលមានពិន្ទុ GPA ចាប់ពI 3.0 នៅក្នុងឆ្នាំទី១ ឬឆមាសទី១ នៃឆ្នាំទី២ ដែលកំពុងសិក្សានៅ RUPP, RULE, RUA នៅគ្រប់មហាវិទ្យាល័យទាំងអស់ និង NUM គ្រប់មហាវិទ្យាល័យដែលសិក្សាថ្នាក់ជាតិ។
និស្សិតកំពុងសិក្សាឆ្នាំ២ ឬទី៣ដែលមានពិន្ទុ GPA ចាប់ពី ៣.០ឡើងទៅ និងកំពុងតែសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង មហាវិទ្យាល័យគីមីចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ និស្សិតដែលដាក់ពាក្យត្រូវតែមានតម្រូវការហិរញ្ញវត្ថុសម្រាប់ការសិក្សា។
បើតាមប្រភពដដែល អាហារូបករណ៍នេះនឹងគ្រប់ដណ្តល់លើការគ្រប់គ្រងហិរញ្ញវត្ថុ ថ្នាក់ភាសាអង់គ្លេស ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងថ្នាក់កុំព្យូទ័រ។ ការឧបត្ថម្ភនេះ នឹងផ្តល់ឱ្យរយៈពេល៣ឆ្នាំ។
គួរបញ្ជាក់ថា បេក្ខនារីមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ បានធ្វើនៅកម្ពុជារយៈពេល ១១ឆ្នាំហើយ៕