ភ្នំពេញ៖ ព្រះមហាក្សត្រនៃប្រទេសកម្ពុជា ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ស្តេចយាងចេញពីមន្ទីរពេទ្យប៉េកាំងហើយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីព្រះអង្គត្រូវបានវះកាត់ព្រះរោគមហារីក។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រះបរមរាជវាំងនៅថ្ងៃទី ១ ឧសភានេះ។ តែយ៉ាងណា ព្រះមហាក្សត្រនឹងបន្តគង់ប្រថាប់នៅព្រះរាជដំណាក់នារដ្ឋធានីប៉េកាំងប្រទេសចិន និង ត្រូវយាងទៅមន្ទីរពេទ្យជាបន្តបន្ទាប់ ដើម្បីពិនិត្យតាមដាន ថា្វយព្រះឱសថ និងត្រូវថែទាំព្រះរាជសុខភាពមួយរយៈពេលទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅ ព្រះមហាក្សត្រកម្ពុជា ព្រះអង្គទទួលបានការវះកាត់ព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer) ពីសំណាក់ក្រុមគ្រូពេទ្យចិន ប្រកបដោយជោគជ័យ។ បច្ចុប្បន្នព្រះរាជសុខភាពរបស់ព្រះមហាក្សត្រមានភាពប្រសើរជាបណ្តើរៗ។