ថៃ៖ កងទ័ពអាកាសភូមិន្ទថៃបានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងឱ្យហោះល្បាតលើមេឃក្នុងស្រុក Phop Phra កាលពីថ្ងៃទី ២៩ ខែមេសា ដើម្បីការពារការរំលោភបំពានដែនអាកាស ខណៈការវាយប្រហាររវាងយោធាមីយ៉ាន់ម៉ា និងក្រុមអ្នកតស៊ូការ៉ែន (KNU) កំពុងឆាបឆេះយ៉ាងខ្លាំងនៅព្រំដែនថៃ-មីយ៉ាន់ម៉ា។
សេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី២៩ ខែមេសា កងកម្លាំងចម្រុះនៃសហភាពជាតិការ៉ែន (KNU) រួមជាមួយក្រុមអ្នកតស៊ូសម្ព័ន្ធមិត្ត បានបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំលើមូលដ្ឋានទ័ពមីយ៉ាន់ម៉ា ក្នុងក្រុង Myawaddy រដ្ឋការ៉ែន ដែលស្ថិតនៅទល់មុខខេត្តតាក (Tak) របស់ប្រទេសថៃ។ ក្នុងសមរភូមិនោះ ក្រុមអ្នកតស៊ូបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកជាច្រើនរលក បូករួមនឹងការវាយលុកយ៉ាងសម្រុកពីកងកម្លាំងថ្មើរជើង រហូតបង្កឱ្យមានផ្សែងខ្មៅហុយត្រឡប់ពេញផ្ទៃមេឃ។
ជាការឆ្លើយតប យោធាមីយ៉ាន់ម៉ាបានប្រើប្រាស់កម្លាំងអាកាសដើម្បីវាយប្រហារបកវិញលើទីតាំងរបស់ក្រុមតស៊ូការ៉ែន ដែលបណ្តាលឱ្យមានសូរសព្ទផ្ទុះយ៉ាងខ្លាំងក្លាឮរន្ទឺដល់ទឹកដីថៃ។
ជាការឆ្លើយតប អាជ្ញាធរថៃបានចាត់បញ្ជូនយន្តហោះចម្បាំង F-16 ចេញប្រតិបត្តិការភ្លាមៗ ដើម្បីបង្ការការរំលោភបំពានដែនអាកាស និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្តោយព្រំដែន។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅ ហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងម្តងរួចមកហើយ ដោយគ្រាប់បែកពីការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា យ៉ាងហោចណាស់មួយគ្រាប់ បានធ្លាក់ចូលក្នុងដីថៃ ក្បែរទន្លេសាលវីន (Salween) ក្នុងខេត្ត Mae Hong Son ដែលបង្កឱ្យមានការភ័យស្លន់ស្លោដល់អ្នកភូមិយ៉ាងខ្លាំង។