681 ezgif.com resize
Moneygramott moi1280x163px

ឆ្កែរ៉ូបូតមុខដូច«មហាសេដ្ឋីបច្ចេកវិទ្យា» លោក Elon Musk និង Mark Zuckerberg ត្រូវបានដាក់បង្ហាញនៅសារមន្ទីរអាល្លឺម៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៊ែកឡាំង៖ ហ្វូងឆ្កែរ៉ូបូតដែលមានក្បាលធ្វើពីស៊ីលីកូនដូចមុខមនុស្សពិតៗ តាមទម្រង់មុខបុគ្គលល្បីៗដូចជាលោក Elon Musk, Mark Zuckerberg, Jeff Bezos រួមនឹងសិល្បករជើងចាស់លោក Andy Warhol និង Pablo Picasso កំពុងបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងសារមន្ទីរមួយក្នុងទីក្រុងប៊ែកឡាំង។ ក្នុងសកម្មភាពដើរចុះឡើង រ៉ូបូតទាំងនេះបាន «បន្ទោបង់» ចេញមកជាផ្ទាំងរូបភាពដែលពួកវាបានថតពីទិដ្ឋភាពជុំវិញខ្លួន រួចកែច្នៃតាមរយៈបញ្ញាសិប្បនិម្មិត (AI)។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AP រូបភាពដែលបោះពុម្ពចេញមកនោះ ឆ្លុះបញ្ចាំងពីតថភាពតាមរយៈទស្សនវិស័យរបស់បុគ្គលនៅលើស្មារបស់វា។ ជាឧទាហរណ៍ ឆ្កែក្បាលលោក Picasso នឹងបញ្ចេញរូបភាពក្នុងរចនាប័ទ្មគុបនិយម (Cubist) ចំណែកក្បាលលោក Warhol នឹងបំប្លែងរូបភាពទៅជាសិល្បៈបែបប៉ុប (Pop Art) ដែលមានពណ៌ឆើតៗ។

លោក Beeple (Mike Winkelmann) សិល្បករអាម៉េរិកដែលជាម្ចាស់គំនិតច្នៃប្រឌិតនេះ បានពន្យល់ពីគោលបំណងបង្កប់ន័យថា៖ «កាលពីមុន សិល្បករគឺជាអ្នកកំណត់របៀបដែលយើងមើលឃើញពិភពលោក ប៉ុន្តែបច្ចុប្បន្ន អំណាចនេះបានធ្លាក់ទៅក្នុងដៃមហាសេដ្ឋីបច្ចេកវិទ្យាទៅវិញ»។

លោកបានបន្ថែមដោយក្ដីបារម្ភថា មហាសេដ្ឋីបច្ចេកវិទ្យាទាំងនោះកំពុងកាន់កាប់អំណាចដ៏មហិមា ដែលអាចសម្រេចថា តើមនុស្សគួរមើលឃើញអ្វី ឬមិនឃើញអ្វី តាមរយៈការផ្លាស់ប្តូរក្បួនដោះស្រាយ (Algorithm) តាមចិត្តចង់ ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីស្ថាប័នច្បាប់ ឬអង្គការអន្តរជាតិណាមួយឡើយ។

ជុំវិញការដាក់បង្ហាញនេះ លោកស្រី Lisa Botti អ្នករៀបចំពិព័រណ៍នៅប៊ែកឡាំង បានលើកឡើងថា ស្នាដៃនេះគឺជាឱកាសដ៏សំខាន់សម្រាប់សង្គមក្នុងការឆ្លុះបញ្ចាំងពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងផ្លាស់ប្តូរជីវិតរស់នៅ និងការយល់ឃើញរបស់មនុស្សជាតិយ៉ាងខ្លាំងក្លានៅក្នុងសម័យកាលបច្ចុប្បន្ន។

លោកស្រី Lisa Botti អ្នករៀបចំពិព័រណ៍នៅប៊ែកឡាំង


Khcct banner

អត្ថបទទាក់ទង