បាងកក៖ ក្រសួងដឹកជញ្ជូនថៃបានដាក់ចេញនូវផែនការសកម្មភាពថ្មីមួយ ក្នុងគោលដៅជំរុញការប្រើប្រាស់រថយន្តអគ្គិសនី (EV) ឱ្យបានដល់ ៣០០,០០០ គ្រឿង នាពេលឆាប់ៗខាងមុខ។ វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលដែលបណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ព្រមទាំងដើម្បីកាត់បន្ថយការបំពុលបរិស្ថានក្នុងប្រទេស ជាពិសេសក្នុងទីក្រុងបាងកកដែលធ្លាប់ជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងបញ្ហាខ្យល់ពុល។នេះបើតាមការចេញផ្សាយរបស់កាសែតVietnam Plus។
ពាក់ព័ន្ធនឹងផែនការនេះ អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Siripong Angkasakulkiat បានបង្ហាញនូវយុទ្ធសាស្ត្រគន្លឹះចំនួនពីរ រួមមាន៖ការពង្រីកកម្មវិធីដោះដូររថយន្តចាស់យកថ្មី ដែលគ្របដណ្តប់ទាំងរថយន្តឯកជន និងមធ្យោបាយដឹកជញ្ជូនសាធារណៈ ជាពិសេសរថយន្តតាក់ស៊ី។ យុទ្ធសាស្រ្តទី២ គឺការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដោយបញ្ចុះពន្ធរថយន្តប្រចាំឆ្នាំរហូតដល់ ៨០% ឬលើកលែងទាំងស្រុងសម្រាប់រថយន្ត EV និង Hybrid។
លោក Siripong បានសង្កត់ធ្ងន់ថា វិធានការទាំងនេះមិនត្រឹមតែជួយសម្រាលបន្ទុកហិរញ្ញវត្ថុ និងកាត់បន្ថយចំណាយលើប្រេងឥន្ធនៈរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាជំហានដ៏សំខាន់ក្នុងការផ្លាស់ប្តូរទៅរកការប្រើប្រាស់បច្ចេកវិទ្យាស្អាត ដែលរំពឹងថានឹងត្រូវអនុវត្តជាផ្លូវការនៅខែមិថុនាខាងមុខ តាមរយៈព្រះរាជក្រឹត្យ។
គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលថៃក៏កំពុងផ្ដល់ជំនួយដល់ប្រតិបត្តិករដឹកជញ្ជូនដែលប្រើប្រាស់ប្រេងម៉ាស៊ូតជាង ២០ម៉ឺនគ្រឿង ខណៈកំពុងរៀបចំយន្តការអន្តរកាលសម្រាប់ពលរដ្ឋថៃកំពុងរងវិបត្តិ។