មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ប្រកាសគាំទ្រការសម្រេចចិត្តរបស់ប្រធានាធីបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំក្នុងឱ្យមានបទឈប់បាញ់ជាមួយនឹងអ៊ីរ៉ង់ លោកថាការពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ជាការត្រឹមត្រូវ ព្រោះនេះជាផ្លូវក្នុងការផ្តល់ឱកាសដល់ការចរចាជាមួយគ្នា និងជួយធ្វើឲ្យស្ថានភាពនៅក្នុងតំបន់ជម្លោះមានស្ថិរភាពឡើងវិញ។ ការប្រកាសរបស់លោកធ្វើឡើងក្នុងជំនួបតាមទូរស័ព្ទជាមួយនឹងលោកដូណាល់ត្រាំនៅវិមានក្រឹមឡាំងកាលពីល្ងាចថ្ងៃពុធម្សិលមិញនេះ។
បើតាមជំនួយការវិមានក្រឹមឡាំង លោកយូរី យូសាកូវ បានបញ្ជាក់កាលពីថ្ងៃពុធថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីសង្គ្រាមមជ្ឈិមបូព៌ា និងអ៊ុយក្រែន និងទទួលបានផ្លែផ្កាជាច្រើនក្នុងការជជែកគ្នារបស់អ្នកទាំងពីរ។លោកយូសាកូវ បន្តថាក្នុងអំឡុងពេលសន្និសីទតាមទូរស័ព្ទដែលមានរយៈពេលជាង ៩០ នាទី ហើយមានលក្ខណៈស្មោះត្រង់រវាងមេដឹកនាំនៃប្រទេសទាំងពីរ។ លោកថា ប្រធានាធិបតីទាំងពីរ បានយកចិត្តទុកដាក់ជាពិសេសចំពោះស្ថានភាពទាក់ទងនឹងអ៊ីរ៉ង់ និងនៅឈូងសមុទ្រពែរ្សជាខ្លាំង។
សម្រាប់លោកយូសាកូវ លោកវ្ល៉ាឌីមៀរ ពូទីន ចាត់ទុកការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំ ក្នុងការពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ថា ជាការត្រឹមត្រូវ ព្រោះនេះគួរតែផ្តល់ឱកាសដល់ការចរចា និងជារួម ជួយធ្វើឲ្យស្ថានភាពក្នុងតំបន់មានស្ថិរភាពប្រសើរឡើងវិញ។ ក្នុងជំនួបនោះលោកពូទីន ក៏បាន បានគូសបញ្ជាក់ពីផលវិបាកដែលជៀសមិនរួច និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង មិនត្រឹមតែសម្រាប់អ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ ប្រសិនបើសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលងាកទៅរកសកម្មភាពយោធាម្តងទៀត។ លោកពូទីនបញ្ជាក់ទៀតថា រុស្ស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាងដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត លើសង្គ្រាមមជ្ឈិមបូព៌ា៕