ភ្នំពេញ៖ លោក ណា រតនៈ ជាបេក្ខជនជំនាន់ទី២ ដែលបានចូលរួមនៅក្នុងកម្មវិធី អ្នកដឹកនាំវ័យក្មេងកម្ពុជា-ឡាវដែលបានផ្លាស់ប្តូរការសិក្សារយៈពេល ១២សប្តាហ៍នៅប្រទេសនូវែលសេឡង់នៅក្នុងឆ្នាំ២០២៦។តាមរយៈការចូលរួមនៅក្នុងកម្មវិធីនេះ លោកបានរៀនសូត្រ និងទទួលបានបទពិសោធន៍ច្រើន ដែលមានដូចជាការធ្វើទស្សនៈកិច្ចនៅក្នុងស្ថាប័នរដ្ឋាភិបាល នៅប្រទេសនូវែលសេឡង់ ពង្រឹងសមត្ថភាពភាសាអង់គ្លេស និងការរៀនសូត្រពីបេក្ខជនដទៃទៀត។លោកជម្រុញឱ្យយុវជនដាក់ពាក្យចូលរួមនៅក្នុងកម្មវិធីមួយនេះព្រោះសកម្មភាពទាំងអស់ គឺលើសពីការអនុវត្តទ្រឹស្តី ។
លោក ណា រតនៈ គឺជានាយកប្រតិបត្តិការនៅក្នុងអង្គការពិព័រណ៍សន្តិភាពកម្ពុជាដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបង។ នាពេលថ្មីៗនេះលោកបានជាប់ជាបេក្ខជននៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា កម្មវិធីដឹកនាំវ័យក្មេងកម្ពុជា-ឡាវ។ លោកបានបញ្ជាក់ថានេះជាកម្មវិធីអន្តរជាតិមួយដែលលោកចាប់អារម្មណ៍ខ្លាំងជាងគេ ព្រោះវាផ្តល់ឱកាសឱ្យយុវជនអាយុចន្លោះពី២០ ដល់៣៤ឆ្នាំ ដែលធ្វើការនៅក្នុងសហគមន៍ អាចពង្រឹងនិងអភិវឌ្ឍបន្ថែមលើភាពជាអ្នកដឹកនាំ ការចូលរួមដោះស្រាយបញ្ហាសង្គមប្រកបដោយភាពវិជ្ជមាន ព្រមទាំងអាចពង្រឹងសមត្ថភាពភាសាអង់គ្លេសបន្ថែមតាមរយៈការសិក្សាទៅលើការអភិវឌ្ឍប្រកបដោយចីរភាព និងជំនាញភាសាអង់គ្លេសប្រកបដោយចីរភាព។បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល៦ខែ បេក្ខជននឹងតម្រូវឲ្យអនុវត្ត និងធ្វើគម្រោងអភិវឌ្ឍន៍សហគមន៍មួយដែលផ្សាភ្ជាប់ជាមួយនិងការងារដែលបេក្ខជនកំពុងធ្វើ ដើម្បីដោះស្រាយបញ្ហាប្រឈមណាមួយដែលកំពុងមានក្នុងសហគមន៍។
កម្មវិធីនេះបានរ៉ាប់រងពេញលេញ លើថ្លៃចំណាយទាំងអស់ដែលរួមមាន ការសិក្សា ដំណើរទស្សនៈកិច្ចនៅប្រទេសូវែលសេឡង់ ការធ្វើដំណើរ ការសិក្សាតាមអនឡាញនិងការចំណាយផ្សេងៗអំឡុងពេលសិក្សាផ្ទាល់នៅប្រទេសនូវែលសេឡង់។ការឧបត្ថម្ភទាំងអស់នេះ អនុញ្ញាតឱ្យលោកអាចសិក្សា និងអភិវឌ្ឍខ្លួនបានយ៉ាងពេញលេញ។
លោកបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការចូលរួមនៅក្នុងកម្មវិធីនេះបានធ្វើឱ្យលោកទទួលបានចំណេះដឹងលើសពីការរំពឹងទុកទៅទៀត ព្រោះលោកបានពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំសហគមន៍ជាអ្វីដែលលោកកំពុងធ្វើសព្វថ្ងៃ និងបានសិក្សាពីវិធីសាស្ត្រស្រាវជ្រាវបែប Participatory Action Research ដែលផ្តោតលើការចូលរួមរបស់សហគមន៍ និងការអនុវត្តជាក់ស្តែងក្នុងសហគមន៍ ដែលធ្វើឱ្យលោកកាន់តែយល់ច្បាស់ពីកិច្ចការនៅក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយឱ្យសមស្របទៅនឹងបរិបទជាក់ស្តែង។
នៅក្នុងអំឡុងពេលសិក្សា អ្វីដែលលោកពេញចិត្តបំផុតគឺការធ្វើទស្សនៈកិច្ចនៅរដ្ឋសភា និងក្រសួងការបរទេសនូវែលសេឡង់ ដែលជាឱកាសពិសេសមួយដែលលោកពុំធ្លាប់មានពីមុនមក។ លោកបានជជែកជាមួយសមាជិករដ្ឋសភា អំពីការងារ ក៏ដូចជាដំណើរការនៃការធ្វើនយោបាយ និងការគ្រប់គ្រង់ប្រទេសផងដែរ។ លោកថ្លែងថា ការសន្ទនានេះបានធ្វើឱ្យលោកមានទស្សនៈកាន់តែទូលំទូលាយ យល់ច្បាស់ពីតួនាទីរបស់អ្នកដឹកនាំ និងសារសំខាន់របស់ប្រជាពលរដ្ឋជាពិសេសយុវជនក្នុងប្រព័ន្ធគ្រប់គ្រង និងការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។
ក្រៅពីនេះ អ្វីដែលលោកបានរៀនសូត្របន្ថែមគឺការរៀនពីចំណុចតូចៗដូចជាការការពារ និងឱ្យតម្លៃបរិស្ថានរួមមានការគ្រប់គ្រងសម្រាម និងការគោរពច្បាប់សាធារណៈ ដែលធ្វើឲ្យសង្គមមានរបៀបរៀបរយ និងល្អប្រសើរឡើង។ ជាពិសេស លោកបានភ្ជាប់ទំនាក់ទំនងជាមួយយុវជនដទៃទៀតដែលសុទ្ធសឹងតែជាអ្នកដឹកនាំវ័យក្មេង អ្នកអប់រំ ដែលចេះផ្តល់តម្លៃ ចែករំលែក និងគោរពគ្នាទៅវិញទៅមក។ជំនួបនេះ ធ្វើឱ្យលោករៀនពីទស្សនៈថ្មី ការរស់នៅក្នុងបរិបទផ្សេងៗគ្នា និងការធ្វើការជាមួយមនុស្សដែលមានវប្បធម៌ផ្សេងៗគ្នា។
តាមរយៈការចូលរួមនៅក្នុងកម្មវិធីនេះ លោកជឿជាក់យ៉ាងមុតមាំថាចំណេះដឹង និងបទពិសោធន៍ទាំងនេះ នឹងអាចយកទៅអនុវត្ត ដើម្បីចូលរួមដោះស្រាយបញ្ហា និងអភិវឌ្ឍសហគមន៍ឲ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។ ស្របគ្នានេះ លោកក៏បានសម្លឹងឃើញនូវចំណុចមួយចំនួនដែលលោកចង់យកបទពិសោធន៍ទាំងនោះមកអនុវត្តនៅក្នុងគម្រោងសហគមន៍ដែលលោកកំពុងរៀបចំធ្វើដែលរួមមាន លើកទឹកចិត្តយុវជនឲ្យមានទំនួលខុសត្រូវលើខ្លូនឯង បង្កើនការចូលរួមក្នុងសហគមន៍ និងការងារស្ម័គ្រចិត្តដល់យុវជន ព្រមទាំងផ្សព្វផ្សាយការពារបរិស្ថាន និងអនាម័យសាធារណៈ ព្រមទាំងការគោរពច្បាប់សារណៈឲ្យបានល្អដែលធ្វើឲ្យសង្គមមានរបៀបរៀបរយ។ លោកក៏ផ្តោតលើការធ្វើគម្រោងមួយទាក់ទងនឹង ការអប់រំបែបសន្តិភាព ដែលផ្សាភ្ជាប់ការសិក្សាពីសន្តិភាព និងប្រវត្ដិសាស្រ្ដ ជាមួយនិងយុវជន និងសិស្ស ក្នុងសហគមន៍ក្រុងបាត់ដំបង។លោកជឿថា ការយកបទពិសោធន៍ពីបរទេស មកលាយបញ្ចូលគ្នានូវអ្វីដែលកំពុងមាននេះនឹងអាចធ្វើឱ្យសង្គមកាន់តែប្រសើរ។
ក្នុងកិច្ចសម្ភាសជាមួយស៊ីស៊ីថាមស៍ លោកក៏បានចែករំលែកនូវចំណុចមួយចំនួនដែលយុវជនមានចំណាប់អារម្មណ៍គួរត្រៀមខ្លួនដើម្បីដាក់ពាក្យដែលមានដូចជា បេក្ខជនត្រូវយល់ច្បាស់ពីគោលបំណងរបស់ខ្លួន ហើយភ្ជាប់គោលបំណងនោះជាមួយបទពិសោធន៍ និងចំណេះដឹងដែលសមស្របទៅនឹងគោលបំណងរបស់កម្មវិធី។ត្រូវពង្រឹងសមត្ថភាពភាសាអង់គ្លេស (ស្ដាប់ និយាយ និងសរសេរ) ឲ្យបានយ៉ាងហោចណាស់កម្រិតមធ្យម ព្រោះកម្មវិធីតម្រូវឲ្យប្រើប្រាស់ភាសាអង់គ្លេសជាចម្បង។ត្រូវមានបទពិសោធន៍ធ្វើការជាមួយអង្គការក្រៅរាជរដ្ឋាភិបាល ឬការងារសហគមន៍ ទាំងក្នុងទម្រង់ជាការងារស្ម័គ្រចិត្ត ឬការងារផ្លូវការ។ត្រូវជាយុវជនសកម្ម និងបង្ហាញភាពជាអ្នកដឹកនាំ តាមរយៈការដឹកនាំគម្រោង សកម្មភាពសហគមន៍ផ្សេងៗ ឬការចូលរួមរៀបចំ និងដឹកនាំវគ្គបណ្ដុះបណ្ដាលផ្សេងៗជាដើម។ត្រូវតែមានចំណេះដឹង និងការយល់ដឹងអំពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលស្របតាមគោលដៅរបស់អង្គការសហប្រជាជាតិ(SDGs)។បេក្ខជនត្រូវតែមានសកម្មភាពជាក់ស្ដែងក្នុងការចូលរួមដោះស្រាយបញ្ហា និងអភិវឌ្ឍន៍សហគមន៍ក្នុងទិសដៅវិជ្ជមាន។ត្រូវមានការគាំទ្រពីស្ថាប័ន ឬអង្គភាពដែលខ្លួនកំពុងធ្វើការ ដើម្បីធានាថាអាចចូលរួមកម្មវិធីបានពេញលេញ។
ក្នុងនោះលោកក៏បានប្រាប់បន្ថែមនូវកំហុសមួយចំនួនដែលយុវជនតែងតែបង្កើតនៅពេលដាក់ពាក្យដែលរួមមាន ការប្រើប្រាស់ AI ច្រើនពេក។ ការពឹងផ្អែកលើ AI ក្នុងការសរសេរអត្ថបទ និងគម្រោងអាចធ្វើឲ្យ បាត់សមត្ថភាពពិតរបស់ខ្លួន។ គណៈកម្មការជ្រើសរើសចង់ឃើញគំនិត និងបទពិសោធន៍ពិតប្រាកដរបស់បេក្ខជន មិនមែនអត្ថបទដែលត្រូវបានបង្កើតដោយ AI ទាំងស្រុងនោះទេ។ ការសរសេរអត្ថបទមិនបង្ហាញបទពិសោធន៍ជាក់ស្ដែង៖ បេក្ខជនខ្លះសរសេរតែគំនិតទូទៅ ឬព្យាយាមសរសេរឲ្យស្របតាមលក្ខខណ្ឌកម្មវិធី ប៉ុន្តែមិនបង្ហាញពីអ្វីដែលខ្លួនបានធ្វើពិតប្រាកដ។មិនបានភ្ជាប់បទពិសោធន៍ខ្លួនឯងជាមួយគោលបំណងកម្មវិធី៖ ការសរសេរដែលមិនបង្ហាញថាបទពិសោធន៍របស់ខ្លួនពាក់ព័ន្ធនឹងគោលបំណងកម្មវិធីបែបណាខ្លះ ធ្វើឲ្យការដាក់ពាក្យមិនមានទិសដៅច្បាស់លាស់។ការសរសេរពិបាកយល់ និងសរសេរច្រើនលើសកំណត់របស់កម្មវិធី៖ ការប្រើពាក្យស្មុគស្មាញ ឬសរសេរច្រើនពេកអាចធ្វើឲ្យអត្ថបទបាត់បង់ភាពច្បាស់។មិនគោរពលក្ខខណ្ឌនៃការដាក់ពាក្យដូចជា ការសរសេរលើសចំនួនពាក្យ មិនឆ្លើយគ្រប់សំណួរ ឬដាក់ពាក្យយឺតពេលពេក ដែលអាចធ្វើឲ្យប៉ះពាល់ដល់ឱកាសនៃការជ្រើសរើស។
ជាចុងក្រោយ លោកក៏មានសារសម្រាប់យុវជនដែលមានចំណង់ចំណូលចិត្តលើការផ្លាស់ប្តូរការសិក្សា និងការងារសង្គមថា យុវជនគួរតែបង្កើតឱកាសដោយខ្លួនឯង គួរតែកុំឱ្យឱកាសរត់មករក និងចាប់យកឱកាសដោយខ្លួនឯងដោយចាប់ផ្តើមពីជំហានតូចៗដែលអ្នកអាចធ្វើបានដូចជា ការចូលរួមក្នុងសកម្មភាពសហគមន៍ ការធ្វើការងារស្ម័គ្រចិត្ត និងការរៀនពីបទពិសោធន៍ជាក់ស្ដែងដូចជាការចូលរួមវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា ឬការចែករំលែកផ្សេងៗ ដែលជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍខ្លួន។ យុវជនគួរមានទំនួលខុសត្រូវលើខ្លួនឯង និងព្យាយាមធ្វើអ្វីដែលខ្លួនអាចធ្វើបាន ជាជាងរំពឹងចាំអ្នកដទៃជួយ ឬផ្ដល់ឱកាសឲ្យ។លោកបានជម្រុញឱ្យយុវជនដាក់ពាក្យចូលរួមនៅក្នុងកម្មវិធីមួយនេះព្រោះលើសពីការអនុវត្តទ្រឹស្តី គឺយុវជនអាចទទួលបានបទពិសោធន៍ ការអនុវត្តជាក់ស្តែង ព្រមទាំងមានឱកាសអភិវឌ្ឍសមត្ថភាពបានច្រើន និងការបង្កើតទំនាក់ទំនងជាមួយយុវជនដទៃទៀត។ កម្មវិធីអ្នកដឹកនាំវ័យក្មេងកម្ពុជាឡាវនេះ នឹងបើកទទួលពាក្យរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។ ដូច្នេះ យុវជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់។
គួរបញ្ជាក់ថា កម្មវិធីនេះគាំទ្រដោយក្រសួងការបរទេស នូវែលសេឡង់ (Ministry of Foreign Affair and Trades) និងរៀបចំដោយអង្គការ UnionAid សហការជាមួយអង្គការ KFP-Cambodia PAKA-LAOS និងសកលវិទ្យាល័យ Auckland University of Technology ដែលឧបត្ថម្ភការសិក្សារយៈពេល៦ខែគឺ ៣ខែតាមប្រព័ន្ធអនឡាញ និង៣ខែសិក្សាផ្ទាល់នៅសកលវិទ្យាល័យ Auckland University of Technology ក្នុងទីក្រុងអុកលេន ប្រទេសនូវែលសេឡង់។