ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍កម្ពុជា ប្រកាសរើសនិស្សិតអាហារូបករណ៍ ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ «ជំនាញផ្កាយរណប និងលំហអាកាស» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅសាកលវិទ្យាល័យដៃគូមួយចំនួននៅប្រទេសបារាំង ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា។
យោងតាមគេហទំព័រ ក្រសួងប្រៃសណីយ៍កម្ពុជា និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន ការរ៉ាប់រងថ្លៃសិក្សា ១០០% ថ្លៃសំបុត្រយន្តហោះទៅមក ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ថ្លៃស្នាក់នៅ និងហូបចុក ថ្លៃធានារ៉ាប់រងសុខភាព។ ជាពិសេស និស្សិតនឹងអាចមានអាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅ ក.ប.ទ. ឬនៅតាមបណ្តាក្រុមហ៊ុនបច្ចេកវិទ្យានានា ក្រោយពេលបញ្ចប់ការសិក្សា។
បើតាមប្រភពដដែល លក្ខខណ្ឌនៃការជ្រើសរើស តម្រូវឱ្យបេក្ខជនមានសញ្ជាតិខ្មែរ ដែលមានសុខភាពល្អ និងចំណេះដឹងភាសាអង់គ្លេស IELTS ចាប់ពី ៥.៥ ឡើងទៅ។ បន្ថែមពីនេះ បេក្ខជនត្រូវមានព្រឹត្តិបត្រពិន្ទុថតចម្លង (Transcripts) ជីវប្រវត្តិរូបសង្ខេប មានសញ្ញាបត្របរិញ្ញាបត្រជំនាញមេកានិក អេឡិចត្រូនិក ទូរគមនាគមន៍ វិស្វកម្មសុសវែ ឬសញ្ញាបត្រសមមូល។
បេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ សូមបំពេញបែបបទ ពាក្យស្នើសុំតាមរយៈ QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://www.cadt.edu.kh/satellite ឱ្យបានត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី។
មុននឹងឈានទៅដល់ការទទួលបានអាហារូបករណ៍នេះ សិស្សនឹងឆ្លងកាត់ការប្រឡងប្រជែង ដែលនឹងធ្វើឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) តាមរយៈប្រព័ន្ធកុំព្យូទ័រ ដែលផ្តោតលើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និង ភាសាអង់គ្លេស។ បេក្ខជន និងបេក្ខនារី ដែលជាប់ក្នុងវគ្គជម្រុះ (Shortlist) នឹងត្រូវសម្ភាសជាមួយនឹងគណៈកម្មការរៀបចំ ការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្ត្រីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអ៊ីមែល [email protected] នៅរៀងរាល់ម៉ោងធ្វើការ។
គួរបញ្ជាក់ថា ការផ្តល់អាហារូបករណ៍នេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាងនិងអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជា ជាពិសេស ការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ ជំនាញ ផ្កាយរណបនិងលំហអាកាស៕