កូរ៉េខាងត្បូង៖ សាលារៀននៅកូរ៉េខាងត្បូង កំពុងធ្លាក់ក្នុងស្ថានភាពអាប់អួ ដោយសារគ្រូបង្រៀនភាគច្រើន ជ្រើសរើសផ្លូវ «រស់នៅដោយស្ងប់ស្ងាត់» ដើម្បីគេចចេញពីការប្តឹងផ្តល់របស់មាតាបិតាដែលយកចិត្តទុកដាក់លើកូន ជ្រុលហួសហេតុ។ និន្នាការនេះ បានបណ្តាលឱ្យសកម្មភាពសិក្សាសំខាន់ៗ ដូចជាការដើរកម្សាន្ត និងការប្រកួតកីឡា ត្រូវបានលុបចោលជាបន្តបន្ទាប់ ព្រោះគ្រូបង្រៀនបារម្ភពីការត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះគ្រោះថ្នាក់ដែលកើតឡើងដោយអចេតនា។
យោងតាមការចុះផ្សាយរបស់កាសែត The Straits Times សូម្បីតែការអបអរសាទរសិស្សដែលរៀនពូកែ ឬឈ្នះពានរង្វាន់ ក៏ត្រូវធ្វើឡើងដោយសម្ងាត់រវាងគ្រូ និងសិស្សផ្ទាល់ដែរ ដើម្បីជៀសវាងការរិះគន់ពីសំណាក់មាតាបិតាដទៃ ដែលចង់ឱ្យកូនខ្លួនឯងលេចធ្លោជាងគេ។
យោងតាមការស្ទង់មតិរបស់សហព័ន្ធសហជីពគ្រូបង្រៀនកូរ៉េ បានបង្ហាញថា គ្រូបង្រៀនជាងពាក់កណ្តាល ធ្លាប់រងគ្រោះដោយការប្តឹងផ្តល់ដោយចេតនាអាក្រក់ ដែលកត្តានេះ បានបង្ខំឱ្យសាលារៀនជាច្រើនផ្អាកកម្មវិធីក្រៅថ្នាក់ ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មផ្សេងៗ។ អ្នកជំនាញផ្នែកចិត្តវិទ្យាបានព្រមានថា និន្នាការការពារកូនជ្រុលហួសហេតុរហូតដល់ដាក់កម្រិតលើសកម្មភាពសាលា នឹងក្លាយជាឧបសគ្គរារាំងយ៉ាងធ្ងន់ធ្ងរដល់ការរីកចម្រើនផ្នែកស្មារតីរបស់កុមារ ដែលគួរតែរៀនសូត្រពីការប្រកួតប្រជែង និង ការបរាជ័យក្នុងជីវិតជាក់ស្តែង។
ទោះបីជារដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងព្យាយាមបង្កើតច្បាប់ការពារគ្រូបង្រៀនពីការរំលោភអំណាចរបស់មាតាបិតាក៏ដោយ ប៉ុន្តែភាពភ័យខ្លាចនៅតែបន្តញាំញីក្នុងប្រព័ន្ធអប់រំ ដរាបណាវិធានការច្បាប់មិនទាន់មានភាពច្បាស់លាស់ ក្នុងការគាំពារគ្រូបង្រៀនដែលបំពេញការងារដោយសុចរិតនៅឡើយ៕