681 ezgif.com resize
Moneygramott moi1280x163px

និស្សិត កាំង ស៊ីវម៉ី៖ អាហារូបករណ៍ «អមត» លើកកម្ពស់សមត្ថភាពកូនខ្មែរ តាមរយៈការស្រាវជ្រាវ និងពិសោធន៍ផ្ទាល់នៅប្រទេសចិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
កញ្ញា កាំង ស៊ីវម៉ី និស្សិតអាហារូបករណ៍ អ.ម.ត ឆ្នាំ២០២៣

ភ្នំពេញ៖ កញ្ញា កាំង ស៊ីវម៉ី និស្សិតអាហារូបករណ៍ អ.ម.ត ឆ្នាំ២០២៣ កំពុងសិក្សានៅប្រទេសចិន ជំនាញវិស្វកម្មសំណង់ យល់ឃើញថា ការសិក្សានៅប្រទេសចិន មិនត្រឹមតែផ្តល់ឱកាសសម្រាប់សិស្សស្រាវជ្រាវ និងពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងអាចជួយអោយកញ្ញាមានឱកាសអភិវឌ្ឍសមត្ថភាពភាសាចិនបន្ថែមទៀត។

មានក្តីស្រមៃចង់សិក្សានៅប្រទេសចិនតាំងពីកុមារភាព ស៊ីវម៉ី បានដាក់អាហារូបករណ៍នេះ នៅឆ្នាំ២០២២ ក្រោយបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរបស់ខ្លួនពី វិទ្យាល័យទួនហ្វា។ ជាលទ្ធផល នៅឆ្នាំ២០២៣ កញ្ញា កាំង ស៊ីវម៉ី បានទទួលអាហារូបករណ៍ អមត សិក្សានៅប្រទេសចិន ជំនាញវិស្វកម្មសំណង់ (Civil Engineering) ជាភាសាចិន នៅសាកលវិទ្យាល័យ Beijing University of Technology ដែលស្ថិតនៅទីក្រុងប៉េកាំង។

ដំបូងឡើយ ស៊ីវម៉ី មិនសូវមានជំនឿចិត្តលើខ្លួនឯងនោះឡើយ មុនពេលដាក់អាហារូបករណ៍នេះ តែយុវតីដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យរូបនេះ បានជំនះភាពភ័យខ្លាចរបស់ខ្លួន ដើម្បីដាក់ពាក្យរហូតបានជោគជ័យពីមួយដំណាក់កាលទៅមួយដំណាក់កាល។ និស្សិតអាហារូបករណ៍ អមត រូបនេះ បានលើកឡើងថា មុនសម្រេចចិត្តដាក់ពាក្យ បេក្ខជនគួរតែពិនិត្យលើលក្ខខណ្ឌក្នុងការដាក់ពាក្យឱ្យបានស៊ីជម្រៅ យ៉ាងណាមិញ បើទោះជាសិស្សមិនទាន់ចេះប្រើភាសាចិនបានប្រសើរ នៅពេលដែលជាប់អាហារូបករណ៍ សិស្សនឹងអាចរៀនថ្នាក់មូលដ្ឋានភាសាចិននៅប្រទេសចិនផ្ទាល់។

កញ្ញាបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា អាហារូបករណ៍ អមត ដែលកញ្ញាទទួលបានគឺជាប្រភេទអាហារូបករណ៍ CSC Type B រ៉ាប់រងលើការចំណាយលើថ្លៃសាលា ថ្លៃស្នាក់នៅ ថ្លៃអាហារប្រចាំខែ និងថ្លៃធានារ៉ាប់រងសុខភាព។ កញ្ញាបានលើកឡើងថា ប្រាក់ដែលផ្តល់សម្រាប់និស្សិតប្រចាំខែ គឺអាចផ្គត់ផ្គង់ការរស់នៅក្នុងប្រទេសចិនបានគ្រប់គ្រាន់ ដោយពុំត្រូវចំណាយប្រាក់ផ្ទាល់ខ្លួននោះទេ ប្រសិនបើនិស្សិតចាយវាយសន្សំសំចៃ គឺអាចសន្សំទុកផងដែរ។

សម្រាប់ការស្នាក់នៅ សិស្សដែលជាប់អាហារូបករណ៍ភាគច្រើនរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់សាកលវិទ្យាល័យ ដែលស្ថិតនៅក្នុងសាកលវិទ្យាល័យផ្ទាល់ ហើយមិនអនុញ្ញាតឱ្យសិស្សធ្វើការក្រៅម៉ោងសិក្សានោះឡើយ ព្រោះតម្រូវឱ្យផ្តោតលើការសិក្សា។ យ៉ាងណាមិញ សិស្សអាចត្រូវបានអនុញ្ញាតឱ្យធ្វើការជាមួយសាកលវិទ្យាល័យដែលខ្លួនកំពុងសិក្សាផ្ទាល់បានក្នុងតួនាទីនានាដែលសមស្របជាមួយនឹងសមត្ថភាពសិស្សជាក់ស្តែង។

កញ្ញាយល់ឃើញថា ការសិក្សានៅប្រទេសចិន ដែលប្រើភាសាចិនជាចម្បង មិនត្រឹមតែជួយកញ្ញាក្នុងវិស័យជំនាញទេ ប៉ុន្តែក៏ជួយអោយកញ្ញាអាចមានឱកាសអភិវឌ្ឍសមត្ថភាពភាសាចិនបន្ថែមទៀតផង។ បើតាម ស៊ីវម៉ី បានឱ្យដឹងថា ការសិក្សានៅប្រទេសចិន សិស្សអាចមានឱកាសច្រើនក្នុងការស្រាវជ្រាវ និងពិសោធជាក់ស្តែងពាក់ព័ន្ធនឹងជំនាញដែលកំពុងសិក្សា។

ទម្រាំអាចជាប់អាហារូបករណ៍នេះ មានពីរដំណាក់កាល គឺ ដំណាក់កាលដាក់ពាក្យបញ្ជូនឯកសារ និងដំណាក់កាលសម្ភាស។ ចំពោះដំណាក់កាលដាក់ពាក្យ តម្រូវឱ្យមានឯកសារដូចជា លិខិតឆ្លងដែន ប្រតិបត្តិពិន្ទុថ្នាក់ទី១០ ដល់ថ្នាក់ទី១២ វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របញ្ជាក់ពីកម្រិតភាសាចិន (HSK) ឯកសារពិនិត្យសុខភាព លិខិតថ្កោលទោស ព្រមទាំងគម្រោងនៃការសិក្សា Recommendation Letter។ ក្រោយជាប់វគ្គនេះ បេក្ខជននឹងឆ្លងកាត់វគ្គសម្ភាស ប្រសិនបើជាប់វគ្គសម្ភាសសិស្សនឹងឆ្លងកាត់ប្រឡងជាមួយនឹងសាកលវិទ្យាល័យតាមអនឡាញ។

កញ្ញាបានរៀបរាប់បន្តថា នៅវគ្គដាក់ពាក្យ ចំណុចសំខាន់បំផុតគឺពេលសរសេរផែនការអនាគត ឬ គម្រោងក្នុងការសិក្សា ដែលឆ្លុះបញ្ចាំងពីមូលហេតុដែលចង់សិក្សានៅសាកលវិទ្យាល័យណាមួយនៅប្រទេសចិន ព្រមទាំងក្រោយពេលសិក្សាចប់ពីប្រទេសចិន តើសិស្សនឹងយកជំនាញមកអភិវឌ្ឍប្រទេសរបស់ខ្លួនដោយរបៀបណា។ សម្រាប់សំណួរពាក់ព័ន្ធនឹងមូលហេតុដែលជ្រើសរើសសាកលវិទ្យាល័យណាមួយក្នុងប្រទេសចិន កញ្ញាលើកទឹកចិត្តឱ្យសិស្សស្វែងយល់ពីសាលាឱ្យបានស៊ីជម្រៅ ដើម្បីអាចសរសេរបានល្អ។ រីឯវគ្គសម្ភាស គឺតម្រូវឱ្យមានភាពក្លាហានក្នុងការឆ្លើយយ៉ាងលម្អិត និងមានខ្លឹមសារសបញ្ជាក់ពីឆន្ទៈពិតប្រាកដចំពោះការអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។

គួរបញ្ជាក់ថា ឆ្នាំ២០២៦នេះ អ.ម.តកំពុងផ្តល់អាហារូបករណ៍ ៥០កន្លែងសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិន ដែលនឹងបិទទទួលពាក្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ និស្សិតដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់


Khcct banner

អត្ថបទទាក់ទង