វ៉ាស៊ីនតោន៖ ជនសង្ស័យម្នាក់ដែលមានវ័យ ៣១ ឆ្នាំ លោក Cole Tomas Allen ដែលបើកការបាញ់ប្រហារក្នុងពិធីជប់លៀងមួយរបស់លោកប្រធានាធិបតីត្រាំកាលពីថ្ងៃអាទិត្យត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតលោក ត្រាំហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិតប្រសិនបើត្រូវបានផ្តន្ទាទោស។ នេះបើតាមការបញ្ជាក់របស់លោកស្រី Jocelyn Ballantine រដ្ឋអាជ្ញារបស់សហព័ន្ធបានប្រកាសនៅក្នុងសន្និសីទព័ត៌មាន លោកស្រីថាជនសង្ស័យព្យាយាមធ្វើឃាតប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ។
បើតាមរដ្ឋអាជ្ញាស្តីទីលោក Todd Blanche បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសវនាការថា អ្នកស៊ើបអង្កេតជឿថាជនសង្ស័យ Allen បានកំណត់គោលដៅបាញ់ប្រហារលើលោក ប្រធានាធីបតីត្រាំ ដោយតាមការឆែកឆេររបស់មន្រ្តីជំនាញជនសង្ស័យបានហៅលោកត្រាំថាជាជនក្បត់ជាតិ ហើយមានពាក្យប្រមាថផ្សេងៗទៀតនៅក្នុងអ៊ីមែលដែលរូបគេបានផ្ញើទៅសាច់ញាតិនៅយប់នៃថ្ងៃហេតុការណ៍នោះ។ លោករដ្ឋអាជ្ញាបន្តថា លោក Allen មកពី Torrance រដ្ឋ California អាចនឹងប្រឈមមុខនឹងការចោទប្រកាន់ពីបទដឹកជញ្ជូនអាវុធខុសច្បាប់ឆ្លងកាត់ព្រំដែនរដ្ឋ និងបាញ់អាវុធក្នុងអំឡុងពេលឧក្រិដ្ឋកម្មហិង្សា។
អ្នកច្បាប់អាម៉េរិកបន្ថែមទៀតថា លោក Allen បាននាំយកកាំភ្លើងខ្លីប្រភេទ pump-action ទំហំ 12-gauge និងកាំបិតចំនួនបីទៅកាន់ទីក្រុង Washington រួមជាមួយនឹងកាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិប្រភេទ Rock Island Armory 1911 .38 calibre។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់លោក Allen មិនបានឆ្លើយតបទៅនឹងការចោទប្រកាន់នៅក្នុងសវនាការនៅឡើយនោះទេ។ មេធាវីការពារក្តីរបស់លោកផ្ទាល់លោកស្រី Tezira Abe បញ្ជាក់ក្នុងសវនាការថាលោក Allen មិនធ្លាប់មានការចាប់ខ្លួន ឬការកាត់ទោសពីមុនមកទេ៕