681 ezgif.com resize
Moneygramott moi1280x163px

អាជ្ញាធរស្រីលង្កា ឃាត់ខ្លួនព្រះសង្ឃចំនួន២២ អង្គ ដែលទើបមកពីថៃ ហើយរកឃើញលាក់ទុកកញ្ឆាក្នុងវ៉ាលីជាង ១០០ គីឡូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ស្រីលង្កា៖ អាជ្ញាធរប្រទេសស្រីលង្កា បានធ្វើការឃាត់ខ្លួនព្រះសង្ឃចំនួន ២២ អង្គ នៅឯព្រលានយន្តហោះក្នុងរដ្ឋធានីកូឡុំបូ កាលពីថ្ងៃទី ២៥ ខែមេសា កន្លងទៅ បន្ទាប់ពីមន្ត្រីគយបានឆែកឆេររកឃើញកញ្ឆាប្រភេទ Kush ដែលមានឥទ្ធិពលខ្លាំង សរុបប្រមាណ ១១០ គីឡូក្រាម។ គ្រឿងញៀនទាំងនោះ ត្រូវបានលាក់ទុកយ៉ាងជិតក្នុងថតសម្ងាត់នៃវ៉ាលី លាយឡំជាមួយសម្ភារសិក្សា និងនំចំណីផ្សេងៗ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ព្រះសង្ឃដែលរងការឃាត់ខ្លួនទាំងនោះ ភាគច្រើនជានិស្សិត ដែលទើបតែត្រឡប់មកពីដំណើរកម្សាន្តនៅប្រទេសថៃ ក្រោមការឧបត្ថម្ភសព្វគ្រប់បែបយ៉ាងពីសប្បុរសជនអាថ៌កំបាំងម្នាក់។ តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ប៉ូលីសបានឈានទៅដល់ការចាប់ព្រះកាយព្រះសង្ឃអង្គទី ២៣ ដែលជាអ្នករៀបចំគម្រោង ដោយរូបអង្គបានបញ្ឆោតព្រះសង្ឃដទៃថា កញ្ចប់ទាំងនោះគឺជា «អំណោយ» សម្រាប់ផ្ញើទៅស្រុកវិញ។

បន្ថែមពីនេះ សមត្ថកិច្ចបានរកឃើញភស្តុតាងបន្ថែមក្នុងទូរស័ព្ទដៃ ដែលបង្ហាញពីសកម្មភាពព្រះសង្ឃទាំងនោះស្លៀកពាក់ជាគ្រហស្ថ និងដើរកម្សាន្តយ៉ាងសប្បាយរីករាយក្នុងអំឡុងពេលនៅក្រៅប្រទេស។

បច្ចុប្បន្ន ព្រះសង្ឃទាំង ២២ អង្គ ត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នរយៈពេល ៧ ថ្ងៃ ដើម្បីបន្តការស៊ើបអង្កេតឱ្យបានស៊ីជម្រៅ ថាតើពួកគេពិតជាបានដឹងពីវត្តមានគ្រឿងញៀនទាំងនោះ ឬគ្រាន់តែជាជនរងគ្រោះនៃឧបាយកលបោកបញ្ឆោត។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសស្រីលង្កា ដែលមានករណីក្រុមព្រះសង្ឃលួចនាំចូលគ្រឿងញៀនតាមព្រលានយន្តហោះក្នុងទ្រង់ទ្រាយធំបែបនេះ។

Khcct banner

អត្ថបទទាក់ទង