Img 1426
Swift cc time

អ្នកវិទ្យាសាស្ត្រម្នាក់ ដាក់ថ្នាំបំពុលមិត្តរួមការងារ ព្រោះខឹងរឿងមិនបានឡើងតំណែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
 លោក Makoto Kuroda

អាម៉េរិក៖ លោក Makoto Kuroda អាយុ ៤១ ឆ្នាំ ដែលជាអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានស្រាវជ្រាវជំងឺគ្រុនផ្ដាសាយនៃសាកលវិទ្យាល័យ Wisconsin-Madison សហរដ្ឋអាម៉េរិក ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទបង្កគ្រោះថ្នាក់ដោយចេតនាដល់មិត្តរួមការងារម្នាក់។ ជនសង្ស័យត្រូវបានចោទប្រកាន់ថា បានលួចលាយសារធាតុគីមីក្នុងមន្ទីរពិសោធន៍ ចូលទៅក្នុងដបទឹកផឹក និងស្បែកជើងរបស់សហការីលោក បន្ទាប់ពីជនរងគ្រោះបានកត់សម្គាល់ឃើញក្លិនចម្លែក និងរសជាតិមិនប្រក្រតីដែលធ្វើឱ្យលោកខ្ជាក់ទឹកចេញមកវិញទាន់ពេល។នេះបើតាមនការចេញផ្សាយរបស់សារព័ត៌មាន New York Times។

ការចោទប្រកាន់ថាមានករណីពុលនេះ បានកើតឡើងនៅវិទ្យាស្ថានស្រាវជ្រាវជំងឺគ្រុនផ្តាសាយ (Influenza Research Institute) របស់សាកលវិទ្យាល័យ។

តាមរយៈការស៊ើបអង្កេត លោក Kuroda បានសារភាពថា មូលហេតុដែលនាំឱ្យលោកសម្រេចចិត្តធ្វើបែបនេះ គឺដោយសារតែចិត្តឈ្នានីស និងកំហឹងដែលកកើតមានជាយូរមកហើយ បន្ទាប់ពីមិត្តរួមការងាររូបនោះទទួលបានការឡើងតំណែង ខណៈរូបលោកមិនបាន។

បើតាមសមត្ថកិច្ច ជនសង្ស័យបានលាយសារធាតុគីមី Paraformaldehyde និង Trizol (ដែលប្រើសម្រាប់បំបែក RNA) បញ្ចូលទៅក្នុងសម្ភារៈប្រើប្រាស់របស់ជនរងគ្រោះ ក្នុងបំណងឱ្យសហការីរូបនោះធ្លាក់ខ្លួនឈឺ ឬមានបញ្ហាកន្ទួលរមាស់ និងរលាកមាត់ធ្ងន់ធ្ងរ។

RNA (Ribonucleic Acid) គឺជាម៉ូលេគុលដ៏សំខាន់បំផុតមួយនៅក្នុងជីវវិទ្យា ដែលដើរតួជា "អ្នកនាំសារ" ឬ "អ្នកបកប្រែ" នៃព័ត៌មានហ្សែន (Genetic Information) នៅក្នុងកោសិកា។ ខុសពី DNA ដែលមានតួនាទីរក្សាទុកទិន្នន័យហ្សែនរយៈពេលវែង RNA មានតួនាទីយកទិន្នន័យទាំងនោះទៅបង្កើតជាប្រូតេអ៊ីន ដើម្បីឱ្យរាងកាយអាចដំណើរការបាន។

បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្ររូបនេះត្រូវបានចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពកម្រិតទី២ និងការលួចបន្លំសម្ភារៈប្រើប្រាស់ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ឬពិន័យជាប្រាក់ ២៥,០០០ ដុល្លារ ប្រសិនបើតុលាការរកឃើញកំហុស។ ជាវិធានការដំបូង សាកលវិទ្យាល័យបានសម្រេចដកហូតសិទ្ធិស្រាវជ្រាវ និងហាមឃាត់លោកមិនឱ្យចូលប្រើប្រាស់ទ្រព្យសម្បត្តិរបស់សាលាទៀតឡើយ ខណៈការស៊ើបអង្កេតផ្ទៃក្នុងកំពុងបន្តធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត៕

Khcct banner

អត្ថបទទាក់ទង