ជប៉ុន៖អាជ្ញាធរខេត្តកូឈី (Kochi) របស់ប្រទេសជប៉ុន បានប្រកាសដាក់ចេញនូវវិធានការថ្មី ដើម្បីជួយចេញថ្លៃសេវាប្រើប្រាស់កម្មវិធីរកគូ (Dating Apps) ជូនដល់ពលរដ្ឋនៅលីវ ដើម្បីដោះស្រាយបញ្ហាវិបត្តិប្រជាសាស្ត្រដ៏ធ្ងន់ធ្ងរ។ខេត្តនេះ ជាតំបន់ចុងក្រោយគេបានផ្ដល់ប្រាក់ឧបត្ថម្ភរហូតដល់ ២០,០០០ យ៉េន (ប្រហែល ១២៥ ដុល្លារ) ដល់យុវជនអាយុចន្លោះពី ២០ ដល់ ៣៩ ឆ្នាំ សម្រាប់បង្គប់ថ្លៃសេវាលើកម្មវិធីរកគូដែលសហការជាមួយអាជ្ញាធរ ចាប់ពីខែមេសា ឆ្នាំ ២០២៦។
យោងតាមការចុះផ្សាយរបស់ VN Express ពន្យល់ថា កម្មវិធីឧបត្ថម្ភនេះ នឹងគ្របដណ្តប់លើរាល់ការចំណាយពាក់ព័ន្ធនឹងកម្មវិធីរកគូ ចាប់ពីខែមេសា ឆ្នាំ ២០២៦ ដល់ខែមីនា ឆ្នាំ ២០២៧។ ដើម្បីទទួលបានការឧបត្ថម្ភនេះ បេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌកំណត់ជាក់លាក់របស់អាជ្ញាធរក្នុងតំបន់ និង ត្រូវប្រើប្រាស់តែប្រភេទកម្មវិធីដែលបានកំណត់ ដែលប្រកាន់ខ្ជាប់នូវស្តង់ដារសុវត្ថិភាព និង ភាពជឿជាក់ខ្ពស់បំផុតប៉ុណ្ណោះ។ការផ្ដល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គមជប៉ុនបច្ចុប្បន្ន ដែលយុវជនជប៉ុនភាគច្រើនបានជួបគូស្រករតាមរយៈប្រព័ន្ធអនឡាញ ច្រើនជាងការណែនាំតាមសាលារៀន ឬកន្លែងធ្វើការ។
យោងតាមតាមការស្ទង់មតិជាមួយយុវជនជប៉ុនចំនួន២០០០០នាក់ ក្នុងឆ្នាំ ២០២៤ រៀបចំដោយទីភ្នាក់ងារគ្រួសារ និងកុមារជប៉ុនបានបង្ហាញថា ១ នាក់ ក្នុងចំណោម ៤ នាក់ នៃអ្នកទើបរៀបការថ្មីថ្មោង បានស្គាល់គ្នាតាមរយៈកម្មវិធីរកគូ ជាហេតុធ្វើឱ្យអាជ្ញាធរជប៉ុនជឿជាក់ថា ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាដែលមានសុវត្ថិភាព គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើនអត្រាអាពាហ៍ពិពាហ៍៕