ព្រះសីហនុ៖ កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះទទួល«នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៥០» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៧ នៅខេត្តព្រះសីហនុ និងភ្នំពេញ។ នាវានេះ នឹងប្រមូលផ្តុំយុវជនមកពីជប៉ុន និងតំបន់អាស៊ាន។
យោងតាមគេហទំព័រក្រសួងអប់រំ កម្ពុជាជាទីតាំងចតមួយក្នុងចំណោមប្រទេសចំនួន៤ ដែលកម្មវិធី«នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៥០» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៧។ ក្រៅពីកម្ពុជា នាវានឹងចុះចតនៅប្រទេស៣ផ្សេងទៀតដូចជា កម្ពុជា, ម៉ាឡេស៊ី និងហ្វីលីពីន។
ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះទទួលនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៥០ (50th Ship for Southeast Asian and Japanese Youth Program) លោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យទីតាំង និងបានជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ការត្រៀមទទួលប្រតិភូមកពីបណ្តាប្រទេសនានាក្នុងពេលខាងមុខនេះ។
ជាមួយគ្នានេះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងអង្គភាពជុំវិញខេត្តព្រះសីហនុ បានឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់ក្រសួងអប់រំ និងប្ដេជ្ញាចូលរួមសហការស្អិតរមួតដើម្បីរៀបចំឱ្យការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងកម្មវិធីទទួលនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៥០ នេះបានប្រព្រឹត្តទៅដោយជោគជ័យ លើកកម្ពស់មុខមាត់ និងកិត្យានុភាពកម្ពុជាថែមទៀត។
គួររម្លឹកថា ឆ្នាំ២០១៤ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលនាវា Nippon Maru បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ប្រទេសកម្ពុជា ក្នុងនាមជាគោលដៅចតនាវាផ្លូវការ៕