681 ezgif.com resize
Moneygramott moi1280x163px

បុរសម្នាក់បង្ខំចិត្តលាឈប់ពីការងារ ក្រោយរងសម្ពាធ មានមុខមាត់ស្រដៀងនឹងស្ដេចថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
លោក Bang La (បាំងឡា)

ថៃ៖ លោក Bang La (បាំងឡា) ជាភ្នាក់ងារសន្តិសុខថៃ និង ជាអ្នកបង្កើតមាតិកាវីដេអូ (Content Creator) ដ៏មានប្រជាប្រិយភាពលើបណ្តាញសង្គម TikTok ត្រូវបានបង្ខំចិត្តចាកចេញពីការងារ និង លុបមាតិកាចោលទាំងអស់ ក្រោយរូបលោកត្រូវបានក្រុមជ្រុលនិយមប្តឹងផ្តល់ពីបទ «ប្រមាថព្រះមហាក្សត្រ» (មាត្រា ១១២) ដោយគ្រាន់តែលោកមានរូបរាង និង មុខមាត់ស្រដៀងនឹងព្រះមហាក្សត្រថៃ។

យោងតាមប្រភពព័ត៌មានពីបណ្តាញសង្គមថៃ បានឱ្យដឹងថា ទោះបីជាអាជ្ញាធរថៃរកមិនឃើញមូលដ្ឋាននៃការប្រព្រឹត្តខុស ដើម្បីដាក់ទោសទណ្ឌតាមច្បាប់ក៏ដោយ ក៏លោក បាំងឡា នៅតែរងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងពីសំណាក់ក្រុមមនុស្សហៅខ្លួនឯងថា «ក្រុមអ្នកស្នេហាជាតិ»។ ក្រុមទាំងនោះ បានដាក់គំនាបបង្ខំឱ្យរូបលោកប្តូរម៉ូដសក់ ឈប់ធ្វើការផ្សាយផ្ទាល់ (Live) និង បញ្ឈប់ការធ្វើជាអ្នកបង្កើតមាតិកាតទៅទៀត។

ស្ដេចថៃ មហា វ៉ាជីរ៉ាឡុងកន

សម្ពាធដ៏ធ្ងន់ធ្ងរនេះ ប៉ះពាល់ដល់កន្លែងធ្វើការ បានរុញច្រានឱ្យលោក បាំងឡា សម្រេចចិត្តលាឈប់ពីការងារជាភ្នាក់ងារសន្តិសុខ និង លុបវីដេអូទាំងអស់ចេញពីគណនីរបស់លោកដើម្បីបញ្ចប់បញ្ហា។ លោកបានបង្ហោះសារទាំងក្តីអស់សង្ឃឹមថា៖ «ខ្ញុំឈប់ធ្វើការហើយបាទ ពេលនេះខ្ញុំលែងមានការងារធ្វើទៀតហើយ»។

ជុំវិញករណីនេះ អ្នកលេងបណ្តាញសង្គមថៃជាច្រើន បានសម្តែងការមិនពេញចិត្ត និង បានចោទសួរទៅកាន់សង្គមវិញថា៖ «តើមុខមាត់ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនពីកំណើត ក៏អាចក្លាយជាកំហុសដែរឬ?»។ ទន្ទឹមនឹងនេះ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បាននាំគ្នាចូលទៅផ្តល់កម្លាំងចិត្តដល់លោក បាំងឡា ក្នុងឆានែលផ្ទាល់ខ្លួនរបស់លោកផងដែរ។

គួរបញ្ជាក់ថា កន្លងមក លោក បាំងឡា ទទួលបានការចាប់អារម្មណ៍ និងប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈវីដេអូកម្សាន្តក្នុងឯកសណ្ឋានសន្តិសុខ រហូតអ្នកលេងបណ្តាញសង្គមដាក់រហស្សនាមឱ្យលោកថា «នាយរយមុខជណ្តើរយន្ត»។មូលហេតុដែលគេហៅគាត់បែបនេះ គឺដោយសារឯកសណ្ឋានសន្តិសុខដែលគាត់ពាក់ មានលក្ខណៈស្រដៀងខ្លាំងទៅនឹងឯកសណ្ឋានមន្ត្រីជាន់ខ្ពស់ ដែលមានស័ក្តិលើស្មា និងគ្រឿងសញ្ញាផ្សេងៗ។

Khcct banner

អត្ថបទទាក់ទង