ភ្នំពេញ៖ ក្រសួងអប់រំ ប្រកាសជ្រើសរើសប្រតិភូយុវជនឆ្នើមចំនួន ២០រូប ដើម្បីចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ (50th SSEAYP) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៧ នៅជប៉ុន, កម្ពុជា, ម៉ាឡេស៊ី និងហ្វីលីពីន។
យោងតាមគេហទំព័រក្រសួងអប់រំ ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានអាយុចាប់ពី ១៨ ទៅ ៣០ឆ្នាំ មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាពិសេស បេក្ខជនត្រូវមានទំនាក់ទំនងសង្គមល្អ និងចេះសហការជាមួយអ្នកដទៃ និងមានចំណេះដឹងភាសាអង់គ្លេសល្អ។ បេក្ខជននឹងឆ្លងកាត់ដំណាក់កាលដាក់ពាក្យ វគ្គសម្ភាស វគ្គហាត់ការ វគ្គបណ្តុះបណ្តាលមុនចេញដំណើរ និងកម្មវិធីផ្លូវការ។
បើតាមប្រភពដដែល កម្មវិធីមានរយៈពេល ៣៤ ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៧ ដោយផ្តោតលើប្រធានបទ ទេសចរណ៍ប្រកបដោយចីរភាព ការអប់រំប្រកបដោយគុណភាព ការលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ច បរិស្ថានសកល និងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការស្តារឡើងវិញ សុខាភិបាល និងការថែទាំវេជ្ជសាស្ត្រ សង្គមឌីជីថល និងបញ្ហាសិប្បនិម្មិត (AI) ព្រមទាំងសុខុមាលភាពសង្គម និងបរិយាបន្ន។
ដើម្បីអាចដាក់ពាក្យ បេក្ខជនអាចបំពេញពាក្យតាមរយៈតំណភ្ជាប់ Link ឱ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ (ត្រឹមម៉ោង ១៧:០០ រសៀល)។ ស្វែងយល់ពីកម្មវិធីបន្ថែម ដោយចូលទៅកាន់តំណភ្ជាប់ Link ។
គួរបញ្ជាក់ផងដែរថា កម្មវិធីនាវាយុវជនត្រូវបានប្រព្រឹត្តឡើងជាលើកទី៤៩ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសជប៉ុន និងតំបន់អាស៊ានដែលមានការចូលរួមពីយុវជនតំណាងប្រទេសនីមួយៗ៕