វ៉ាស៊ីនតោន៖ មន្ត្រីអនុវត្តច្បាប់អាម៉េរិកកំពុងវាយតម្លៃឡើងវិញនូវការរៀបចំសន្តិសុខបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅជិតពិធីជប់លៀងសមាគមអ្នកយកព័ត៌មានសេតវិមានកាលពីថ្ងៃអាទិត្យ ដែលហេតុការណ៍ម្សិលមិញនេះបានបង្កើនទៅជាសំណួរជាច្រើនថាតើជនដៃដល់អាចចូលទៅជិតព្រឹត្តិការណ៍ដែលចូលរួមដោយប្រធានាធិបតី ត្រាំ និង សមាជិកគណៈរដ្ឋមន្ត្រី និងឆ្លងកាត់អ្នកយាមកាមពិសេសតាមច្រកណាបាន។
អតីតភ្នាក់ងារសេវាសម្ងាត់ពីររូប និងមន្ត្រីជាន់ខ្ពស់អាម៉េរិកបីរូបបានប្រាប់រ៉យទ័រកាលពីថ្ងៃអាទិត្យថាភ្នាក់ងារសហព័ន្ធបានអនុវត្តផែនការរបស់ពួកគេដើម្បីការពារប្រធានាធិបតីប្រកបដោយប្រសិទ្ធភាពនៅយប់ថ្ងៃសៅរ៍ ដោយបានបញ្ឈប់ខ្មាន់កាំភ្លើងមុនពេលរូបគេអាចបន្តដំណើរទៅដល់ជាន់ក្រោមដីនៃសណ្ឋាគារ Washington Hilton ជាកន្លែងដែលលោក ត្រាំ ត្រូវបានកំណត់ឱ្យថ្លែងសុន្ទរកថា។
មន្ត្រីអាម៉េរិកដដែលបន្តទៀតថា បរិវេណសន្តិសុខនៅក្នុងការជួបជុំរបស់លោក ត្រាំ ជារឿយៗមានទំហំធំទូលាយជាងបរិវេណដែលត្រូវបានបង្កើតឡើងនៅយប់ថ្ងៃសៅរ៍។ មន្រ្តអាម៉េរិកបន្ថែមទៀតថានៅក្នុងអាហារពេលល្ងាចថ្ងៃសៅរ៍ ភ្ញៀវត្រូវបានតម្រូវឱ្យឆ្លងកាត់ម៉ាញេទិកម៉ែត្រ ឬឧបករណ៍រាវរកលោហៈ ដើម្បីចូលទៅក្នុងបន្ទប់ធំរួម ប៉ុន្តែត្រូវការតែសំបុត្រដើម្បីចូលទៅក្នុងសណ្ឋាគារប៉ុណ្ណោះ។ មនុស្សជាច្រើនបានព្យាយាមចូលដោយប្រើសំបុត្រកាលពីឆ្នាំមុនទើបអាចមានឪកាសចូលទៅក្នុងកម្មវិធីបាន។
គួររម្លឹកថាជនសង្ស័យម្នាក់ដែលជាភ្ញៀវស្នាក់នៅក្នុងសណ្ឋាគារ Washington Hilton ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានបើកការបាញ់ប្រហារ ក្នុងអំឡុងពេលពិធីជប់លៀងអ្នកយកព័ត៌មានសេតវិមាន កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ។ ក្នុងហេតុការណ៍នោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយា ត្រូវបានកងកម្លាំងសន្តិសុខជម្លៀសចេញពីទីតាំងកើតហេតុដោយសុវត្ថិភាព ខណៈភ្នាក់ងារសម្ងាត់ម្នាក់បានរងរបួស ដោយសារគ្រាប់កាំភ្លើងបាញ់ចំអាវការពារគ្រាប់៕