ភ្នំពេញ៖ ក្រសួងអប់រំ ជ្រើសរើសយុវសិស្សកម្រិតវិទ្យាល័យចំនួន ៨ រូប ដើម្បីចូលរួមកម្មវិធី "អ្នកដឹកនាំយុវជនអាស៊ី ២០២៦" (Asian Youth Leaders 2026) ដែលនឹងប្រព្រឹត្តទៅនៅខេត្តអូគីណាវ៉ា និងទីក្រុងតូក្យូ ប្រទេសជប៉ុន។
យោងតាមគេហទំព័រក្រសួងអប់រំ កម្មវិធីអ្នកដឹកនាំយុវជនអាស៊ីឆ្នាំ២០២៦ (Asia Youth Leaders 2026) នឹងផ្តល់ឱកាសដល់សិស្សក្នុងការចូលរួមវគ្គសិក្សា ផ្លាស់ប្ដូរបទពិសោធ និងកិច្ចពិភាក្សារវាងយុវជនមកពីបណ្ដាប្រទេសនានា នៅលើទឹកដីនៃប្រទេសជប៉ុន។ កម្មវិធីនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ កក្កដា ដល់ ១សីហា ឆ្នាំ២០២៦។អ្នករៀបចំកម្មវិធីនឹងរ៉ាប់រងលើការស្នាក់នៅ តម្លៃសំបុត្រយន្តហោះទៅមក និងការធ្វើដំណើរក្នុងប្រទេសជប៉ុន របស់បេក្ខជន។ យ៉ាងណាមិញ សិស្សនឹងត្រូវចំណាយដោយខ្លួនឯងចំពោះការធ្វើដំណើររបស់សិស្សទាំងពេលទៅនិងពេលត្រឡប់មកវិញ រវាងលំនៅដ្ឋានរបស់ខ្លួន (ខេត្ត) និងអាកាសយានដ្ឋាន ការស្នាក់នៅទីក្រុងភ្នំពេញ ដើម្បីចូលរួមកម្មវិធីត្រៀមរៀបចំខ្លួនជាមួយអគ្គនាយកដ្ឋានយុវជន មុនពេលចេញដំណើរតំណាងប្រទេស។
បើតាមប្រភពដដែល កម្មវិធីនេះនឹងប្រមូលផ្តុំសិស្សវិទ្យាល័យមកពីប្រទេសជប៉ុន កម្ពុជា ឡាវ វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងចិន ដើម្បីពិភាក្សាអំពីបញ្ហាសង្គម និងបរិស្ថាន ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ឆ្លងប្រទេស និងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតជាភាសាអង់គ្លេស ដើម្បីបណ្តុះអ្នកដឹកនាំជំនាន់ក្រោយជុំវិញពិភពលោក។
ដើម្បីដាក់ពាក្យ តម្រូវឱ្យបេក្ខជនជាយុវសិស្សជនជាតិខ្មែរ រៀននៅវិទ្យាល័យ និងមានអាយុចន្លោះពី ១៥ ដល់ ១៧ ឆ្នាំ មានលិខិតឆ្លងដែនមានសុពលភាពប្រើប្រាស់ ហើយមានកាយសម្បទាមាំមួន ទាំងផ្លូវកាយ និងផ្លូវចិត្ត។ បន្ថែមពីនេះ ត្រូវមានលទ្ធផលសិក្សាល្អ និងមានចំណាប់អារម្មណ៍ លើបញ្ហាបរិស្ថាន និងសង្គម និងមានចំណេះដឹងភាសាអង់គ្លេសដែលអាចប្រើប្រាស់បាន។បេក្ខជនអាចចូលទៅកាន់តំណភ្ជាប់៖ Link និងបំពេញឱ្យបានត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៧ (ត្រឹមម៉ោង ១៧:០០ រសៀល)។ ស្វែងយល់បន្ថែមអំពីកម្មវិធី៖ Link៕