វ៉ាស៊ីនតោន៖ ជនសង្ស័យម្នាក់ដែលជាភ្ញៀវស្នាក់នៅក្នុងសណ្ឋាគារ Washington Hilton នាទីក្រុងវ៉ាស៊ីនតោនឌីស៊ី ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានបើកការបាញ់ប្រហារបង្កឱ្យមានភាពច្របូកច្របល់យ៉ាងខ្លាំង ក្នុងអំឡុងពេលពិធីជប់លៀងអ្នកយកព័ត៌មានសេតវិមាន កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ។ ក្នុងហេតុការណ៍នោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយា ត្រូវបានកងកម្លាំងសន្តិសុខជម្លៀសចេញពីទីតាំងកើតហេតុដោយសុវត្ថិភាព ខណៈភ្នាក់ងារសម្ងាត់ម្នាក់បានរងរបួស ដោយសារគ្រាប់កាំភ្លើងបាញ់ចំអាវការពារគ្រាប់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian និងការបញ្ជាក់ពីភ្នាក់ងារ FBI ខ្មាន់កាំភ្លើងមានប្រដាប់ដោយអាវុធជាច្រើនប្រភេទ រួមមានកាំភ្លើងបាញ់បក្សី កាំភ្លើងខ្លី និងកាំបិត។ ក្នុងទិដ្ឋភាពដ៏រន្ធត់នោះ ក្រុមអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូបបាននាំគ្នាជ្រកក្រោមតុដើម្បីសុវត្ថិភាព មុនពេលអាជ្ញាធរសម្រេចជម្លៀសមន្ត្រីជាន់ខ្ពស់ទាំងអស់ចេញពីសាលមហោស្រពជាបន្ទាន់។
ជាការឆ្លើយតប លោក ដូណាល់ ត្រាំ បានកោតសរសើរចំពោះវិជ្ជាជីវៈរបស់កម្លាំងសមត្ថកិច្ច និងបានផ្តល់អនុសាសន៍ឱ្យបន្តកម្មវិធីទៅមុខទៀត ប្រសិនបើស្ថានភាពត្រូវបានគ្រប់គ្រងទាំងស្រុង។ គួរបញ្ជាក់ថា នេះគឺជាការប៉ុនប៉ងប្រហារជីវិតជាថ្មីម្តងទៀតលើរូបលោក បន្ទាប់ពីហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងជាបន្តបន្ទាប់នាពេលកន្លងមក៕
គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយឡើយដែលលោក ត្រាំ ត្រូវបានគេប៉ុនប៉ងប្រហារជីវិត ដោយកន្លងមកលោកធ្លាប់បានរងគ្រោះនៅក្នុងហេតុការណ៍បាញ់ប្រហារជាបន្តបន្ទាប់ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំ ២០២៤ កន្លងទៅ៕