ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងែទី២៤ មេសានេះ បានកំណត់ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់ នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ ក្នុងន័យនេះ កម្ពុជាបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់បំផុត ព្រមទាំងបានធ្វើសកម្មភាពជាក់ស្តែង ក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដោយគ្មានការអត់ឱន និងប្រកបដោយភាពម៉ឺងមាត់បំផុត។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី ក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ឱ្យបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ ឫសគល់ដោយមិនមានការបង្អែបង្អង់ មិនអត់ឱន និងមិនលើកលែងឡើយ។ បន្ថែមពីនេះ មិនត្រឹមតែបង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងមូល ដកហូតសមត្ថភាពប្រតិបត្តិការ កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងបិទច្រកប្រតិបត្តិការទាំងអស់ ដើម្បីបញ្ឈប់បញ្ហានេះឱ្យបានជាក់ស្តែង និងយូរអង្វែង។
សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញយ៉ាងច្បាស់តាមរយៈ ការដាក់ចេញផែនការ និងយុទ្ធនាការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។ ចាប់តាំងពីខែ កក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦នេះ ពោលគឺក្នុងរយៈពេលជាង ៩ខែចុងក្រោយនេះ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងរាជធានី-ខេត្ត បានបំពេញបេសកកម្មបង្ក្រាបអំពើនបោក តាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួនជាង ២៥០ករណី ដោយក្នុងនោះមានការបង្ក្រាបទីតាំងកាស៊ីណូចំនួន ៩១ទីតាំង និងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចំនួន ១១២ករណី ពាក់ព័ន្ធនឹងជនសង្ស័យចំនួនប្រមាណ ១ ០៨៩នាក់ ដែលក្នុងនោះមានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ។
ជាមួយគ្នានេះ ចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្ដេញជនបរទេស ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ១៣ ០៣៩នាក់ មាន ៣៣សញ្ជាតិ ក្នុងនោះមានស្ត្រី ចំនួន ១ ៥០៩នាក់។ គិតចាប់ពីពាក់កណ្តាលខែមករា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជនបរទេសដែល ស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជាមានសរុបចំនួន ២៤១ ៨៨៨នាក់ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន។
រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យមានការសហការពីអន្តរជាតិបន្ថែម ដោយផ្អែកលើគោលការណ៍ទំនួលខុសត្រូវរួម និងការចែក រំលែកព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហារួមរបស់តំបន់៕