Img 1426
Swift cc time

ស្ថានទូតជប៉ុន ចាប់ផ្តើមជ្រើសរើសនិស្សិតអាហារូបករណ៍ MEXT ទៅសិក្សានៅប្រទេសជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា កំពុងប្រកាសបើកទទួលពាក្យអាហារូបករណ៍ MEXT សម្រាប់និស្សិតដែលមានបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុន។ អាហារូបករណ៍នេះ បែងចែកជាបួនកម្រិត គឺសម្រាប់សិស្សវិទ្យាល័យ និស្សិតបរិញ្ញាបត្រ អនុបណ្ឌិតផ្នែកសិក្សាស្រាវជ្រាវ និងនិស្សិតថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។ អាហារូបករណ៍នេះ នឹងបិទទទួលពាក្យនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

យោងតាមសេចក្តីណែនាំរបស់ស្ថានទូតជប៉ុន អាហារូបករណ៍នេះបែងចែកជា២ផ្នែកធំៗ។ ផ្នែកទី១ សម្រាប់បេក្ខជនទូទៅដែលបែងចែកជាបួនប្រភេទរួមមាន និស្សិតស្រាវជ្រាវ(ថ្នាក់អនុបណ្ឌិត) ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យា និងមហាវិទ្យាល័យបណ្តុះបណ្តាលឯកទេស និងវិជ្ជាជីវៈ។ ជាមួយគ្នានេះ ផ្នែកទី២គឺសម្រាប់ក្រុមពិសេសចំនួនបីដូចជា ការសិក្សាភាសាជប៉ុន ការបណ្តុះបណ្តាលគ្រូបង្រៀន និងកម្មវិធីភាពជាអ្នកដឹកនាំវ័យក្មេង។ ប្រជាជនកម្ពុជាទាំងអស់អាចដាក់ពាក្យបាន ដោយគោរពតាមលក្ខណ្ឌដូចជា៖

និស្សិតស្រាវជ្រាវ(ថ្នាក់អនុបណ្ឌិត)៖ បេក្ខជនត្រូវមានអាយុមិនលើសពី៣៥ឆ្នាំ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងមាន GPA:2.8ឡើងទៅ ឬ70ភាគរយនៃ GPAសរុប។ បេក្ខជនដែលជាប់អាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចន្លោះពី ១៤៣០០០យ៉េន ទៅ១៤៥០០យ៉េនក្នុងមួយខែ។

ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្របច្ចេកវិទ្យា និងវគ្គបណ្តុះបណ្តាលឯកទេស៖បេក្ខជនមិនត្រូវមានអាយុលើសពី ២៥ឆ្នាំ មានលទ្ធផលសិក្សាស្មើនឹង ៧០ភាគរយនៃពិន្ទុសរុប និងបានបញ្ចប់ការសិក្សាពីវិទ្យាល័យ។ សម្គាល់៖ សិស្សដែលបានបញ្ចប់ថ្នាក់ទី១១ អាចដាក់ពាក្យសម្រាប់បរិញ្ញាបត្របច្ចេកវិទ្យាបាន។ បេក្ខជន នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែប្រមាណ ១១៧០០០យ៉េនក្នុងមួយខែ។

សិក្សាភាសាជប៉ុន៖ បេក្ខជនមានអាយុមិនលើសពី ៣០ឆ្នាំ ព្រមទាំងជានិស្សិតឆ្នាំទី២ ឬទី៣នៃបរិញ្ញាបត្រភាសាជប៉ុន ឬបរិញ្ញាបត្រវប្បធម៌ជប៉ុន។ បេក្ខជនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែប្រមាណ ១១៧០០០យ៉េនក្នុងមួយខែ។

ការបណ្តុះបណ្តាលគ្រូបង្រៀន៖ បេក្ខជនត្រូវមានអាយុមិនលើសពី ៣៥ឆ្នាំ និងជាគ្រូបង្រៀនគ្រប់កម្រិតថ្នាក់ មានបទពិសោធន៍បង្រៀនយ៉ាងតិចណាស់ ៥ឆ្នាំ ។បេក្ខជនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែប្រមាណ ១៤៣០០០យ៉េនក្នុងមួយខែ។

កម្មវិធីភាពជាអ្នកដឹកនាំវ័យក្មេង៖ បេក្ខជនត្រូវមានអាយុមិនលើសពី ៤០ឆ្នាំ អាចទំនាក់ទំនងជាភាសាអង់គ្លេសនិងមានបទពិសោធន៍ការងារនៅក្នុងស្ថាប័នរដ្ឋាភិបាលដែលបានកំណត់ដោយអាហារូបករណ៍។បេក្ខជនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែប្រមាណ ២៤២០០០យ៉េនក្នុងមួយខែ។

បើតាមប្រភពដដែល បេក្ខជនដែលមានចំណាប់អារម្មណ៍ទៅស្នើសុំដាក់ពាក្យនៅស្ថានទូតជប៉ុន ដោយភ្ជាប់ជាមួយឯកសារមួយចំនួនដូចជា ច្បាប់ចម្លងអត្តសញ្ញាណបណ្ណ ឬកាតសម្គាល់ខ្លួន ព្រឹត្តិបត្តិពិន្ទុ ឬសៀវភៅសិក្ខាគារិក ឬសៀវភៅតាមដានជាភាសាខ្មែរ។ រៀបចំដាក់ពាក្យទាំងអស់នៅក្នុងស្រោមសំបុត្រពណ៌គគីរ ឱ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា ក្រៅពីប្រាក់ឧបត្ថម្ភប្រចាំខែនិស្សិតក៏នឹងទទួលបានការឧបត្ថម្ភលើការធ្វើដំណើរទៅមកផងដែរ។ ចំពោះព័ត៌មានបន្ថែម បេក្ខជនអាចចូលទៅកាន់ តំណភ្ជាប់

Khcct banner

អត្ថបទទាក់ទង