Img 1426
Swift cc time

អង្គការយុវជនអាស៊ាន(AYO) ជ្រើសរើសយុវជនអាស៊ានធ្វើជាអ្នកណែនាំគម្រោងស្ម័គ្រចិត្តនៅតាមប្រទេសសមាជិក

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖អង្គការយុវជនអាស៊ាន(ASEAN Youth Organization) កំពុងជ្រើសរើសយុវជនមកពីប្រទេសក្នុងអាស៊ានចំនួន២២រូប គឺ២នាក់ក្នុងមួយប្រទេស ឱ្យចូលរួមនៅក្នុងកម្មវិធី AYO Humanitarian and Social Volunteerism ដើម្បីបណ្តុះបណ្តាលក្លាយជាអ្នកណែនាំ ឬប្រឹក្សាសម្រាប់គម្រោងស្ម័គ្រចិត្ត និងគម្រោងនានាដែលធ្វើឡើងនៅក្នុងតំបន់របស់ខ្លួន។ ការណែនាំ ផ្តោតលើគម្រោងសំខាន់ដូចជា សកម្មភាពមនុស្សធម៌ ការអប់រំ និងគម្រោងសហគមន៍ជាដើម។ កម្មវិធីនេះ នឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

យោងតាមគេហទំព័រផ្លូវការរបស់អង្គការយុវជនអាស៊ាន យុវជនអាស៊ានដែលអាចដាក់ពាក្យបាន ត្រូវមានបទពិសោធន៍ ២ទៅ៥ឆ្នាំ នៅក្នុងការធ្វើការងារស្ម័គ្រចិត្ត ការចូលរួមនៅក្នុងសកម្មភាពសង្គម និងបង្កើតគម្រោងផ្សេងៗដើម្បីដោះស្រាយបញ្ហានៅក្នុងសហគមន៍។ជាមួយគ្នានេះ យុវជនត្រូវមានឆន្ទៈនៅក្នុងការចែករំលែក ការណែនាំ និងការងារជាក្រុម។ យុវជន ត្រូវតែមានពេលវេលាគ្រប់គ្រាន់នៅក្នុងការចូលរួមវគ្គបណ្តុះបណ្តាលរបស់កម្មវិធី។

បើតាមប្រភពដដែល យុវជនដែលចូលរួមនៅក្នុងកម្មវិធីនឹងទទួលបានការបណ្តុះបណ្តាលតអនឡាញចំនួនពីរខែ គឺចាប់ពីខែមិថុនា ដល់ខែកក្កដា។ បន្ទាប់ពីការបណ្តុះបណ្តាល យុវទូតនៃប្រទេសនីមួយៗ នឹងក្លាយជាអ្នកណែនាំ និងប្រឹក្សា ជាមួយយុវជនដែលមានបំណងចង់បង្កើតគម្រោង ដើម្បីឱ្យពួកគេអាចសម្រេចគោលដៅនិងជោគជ័យ។

គួរបញ្ជាក់ថា យុវជនទាំងអស់ដែលមានលក្ខណៈសម្បត្តិដូចការរៀបរាប់ខាងលើ អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង