Img 1426
Swift cc time

ឱកាសសម្រាប់យុវជនទទួលបានជំនួយហិរញ្ញវត្ថុ ដើម្បីអនុវត្តគម្រោង ដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាង

ភ្នំពេញ៖ គម្រោង A-SASSY កំពុងស្វែងរកក្រុមយុវជន ដែលមានគំនិតច្នៃប្រឌិត និងចង់ចូលរួមដោះស្រាយបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុនៅក្នុងសហគមន៍ ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុរហូតដល់ €2,000 ក្នុងការអនុវត្តគម្រោងជាក់ស្តែង ។

យោងតាមសេចក្តីជូនដំណឹង ជំនួយហិរញ្ញវត្ថុមានជាថវិការហូតដល់ €2,000 ដើម្បីអនុវត្តគម្រោង ដែលមានគំនិតច្នៃប្រឌិត និងចង់ចូលរួមដោះស្រាយបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុនៅក្នុងសហគមន៍។គម្រោងនេះបាននឹងកំពុងខិតខំពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំវ័យក្មេង និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងអាស៊ាន តាមរយៈការអប់រំ និងសកម្មភាពរួម។

បើតាមប្រភពដដែល គម្រោង A-SASSY គឺជាគម្រោងមួយដែលឆ្លុះបញ្ចាំងពីការកសាងសាមគ្គីភាព និងនិរន្តរភាពអាស៊ានតែមួយនៃភាពជាដៃគូរវាងយុវជន អង្គការសង្គមស៊ីវិល (CSOs) និងរដ្ឋសមាជិកដែលផ្តល់ មូលនិធិដោយសហភាពអឺរ៉ុប (EU)។ គោលបំណងរួមរបស់គម្រោង គឺដើម្បីបំពាក់បំប៉នយុវជនកម្ពុជាដែលមានចំណេះដឹងពីបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ផ្តល់ឱ្យពួកគេនូវសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យអាកាសធាតុ និងលើកកម្ពស់គំនិតផ្តួចផ្តើមដែលដឹកនាំដោយយុវជនលើសកម្មភាពអាកាសធាតុ និងការតស៊ូមតិ។

ចំពោះលក្ខខណ្ឌនៃការដាក់ពាក្យ យុវជនត្រូវមានអាយុចន្លោះ 15 - 35 ឆ្នាំ ហើយរស់នៅក្នុង ភ្នំពេញ បាត់ដំបង កំពង់ចាម និង ត្បូងឃ្មុំ។ ជាពិសេស ក្រុមយុវជនមានសមាជិកយ៉ាងតិច 03 នាក់ឡើងទៅ។ ដើម្បីអាចដាក់ពាក្យបានបេក្ខជនអាចសរសេរជាភាសាខ្មែរ ឬអង់គ្លេស ឱ្យបានត្រឹមថ្ងៃទី១៦ ឧសភា ២០២៦ ដោយស្គែន QR ដែលមានភ្ជាប់ក្នុងផ្ទាំងរូបភាពខាងក្រោម។

គួរបញ្ជាក់ថា តាមរយៈការចូលរួមកម្មវិធីនេះ យុវជននឹងទទួលបានអត្ថប្រយោជន៍ជាជំនួយថវិកាគាំទ្រ ដើម្បីអនុវត្តគម្រោង ដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍។ បន្ថែមពីនេះ កម្មវិធីនឹងបង្កើតជាបណ្តាញទំនាក់ទំនង ដែលជាយុវជនមានឱកាសសហការជាមួយអង្គការជាតិ អង្គការអន្តជាតិ បណ្តាញ ក្រុមយុវជនឆ្នើម Y4SDG AGGN និងអាជ្ញាធរមូលដ្ឋាន និងពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ អប់រំបរិស្ថាន ការគ្រប់គ្រងថវិកា ការគ្រប់គ្រងគម្រោង ការងារជាមួយសហគមន៍ និងជំនាញវិជ្ជាជីវៈផ្សេងៗទៀត។ អ្វីដែលពិសេសជាងនេះទៅទៀត យុវជនអាចមានឱកាសទស្សនកិច្ចសិក្សានៅប្រទេសតំបន់អាស៊ាន និង/ឬអឺរ៉ុប៕

Khcct banner

អត្ថបទទាក់ទង