ភ្នំពេញ៖ កិច្ចប្រជុំលើកដំបូងនៃយន្តការសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិ កម្ពុជា-ចិន ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា បានទទួលការជោគជ័យ និងបន្តពង្រីកទំរង់នៃការជួបប្រជុំ ២+២នេះ ទៅជាការជួបប្រជុំ ៣+៣ ពិភាក្សាលើការរួមគ្នាការពារអធិបតេយ្យភាពជាតិ ការការពារផលប្រយោជន៍ជាតិរាងខ្លួន ការពារការជ្រៀតចូលការងារផ្ទៃក្នុង និងរួមគ្នាប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា។
បើតាមប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា លទ្ធផលកាលពីម្សិលមិញ ភាគីទាំងពីរបានសម្រេចនូវគោលបំណង ក្នុងការសម្របសម្រួលយុទ្ធសាស្រ្តនយោបាយ សន្តិសុខ និងការពារជាតិ កំឡុងពេលពិភពលោកកំពុងជួបស្ថានភាពដ៏ស្មុកស្មាញ។ ការសម្រេចបាននេះ បានប្រព្រឹតុ្តទៅយ៉ាងទូលំទូលាយ ស៊ីជម្រៅ និងចក្ចុវិស័យវែងឆ្ងាយ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ភាគីទាំងពីរ មានទស្សនៈដូចគ្នា ប្រកាន់ភ្ជាប់នូវរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ លើកកម្ពស់ពហុភាគីនិយម និងពង្រឹងអភិបាលកិច្ច។ ការផ្លាស់ប្តូរមតិយោបល់របស់ថ្នាក់ដឹកនាំកំពូលនៃក្រសួងការពារជាតិទាំងពីរ បានបង្ហាញពីការប្រឈមនៃផ្នែកយោធា និងសន្តិសុខ ដែលប្រទេសទាំងពីរកំពុងប្រឈម និងបានបើកកិច្ចសហប្រតិបត្តិការថ្មីផ្នែកយោធាផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការជោគជ័យបន្ថែមនោះគឺ បានពង្រីកទំរង់នៃការជួបគ្នា ២+២ នេះទៅជាការជួបគ្នា ៣+៣។ ការសម្រេចនេះ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ ក្នុងការរួមគ្នាការពារអធិបតេយ្យ និងការពារផលប្រយោជន៍ជាតិរាងខ្លួន ការពារការជ្រៀតចូលការងារផ្ទៃក្នុង និងរួមគ្នាប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ជាចុងក្រោយ ភាគីកម្ពុជា បានបង្ហាញពីការអរគុណ និងដឹងគុណប្រទេសចិនដែលបានយកចិត្តទុកដាក់នូវការព្យាបាលព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា៕