ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៣ មេសានេះ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និង សម្រេច លើរបៀបវារៈសំខាន់ៗចំនួន៥ ដោយក្នុងនោះក៏មានដែរ«សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា»។កិច្ចប្រជុំដឹកនាំដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ការសើរើឡើងវិញនៃច្បាប់នេះ ធ្វើឡើងក្រោយពីរាជរដ្ឋាភិបាលរៀបចំរួច និង ផ្អិបទុកចោល អស់ជិត២០ឆ្នាំមក។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងពាក់ព័ន្ធ ធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធា ឱ្យរួចរាល់នៅក្នុងឆ្នាំ២០២៦ ដើម្បីបើកលទ្ធភាពឱ្យកម្ពុជា អាចអនុវត្តច្បាប់នេះនៅក្នុងឆ្នាំនេះតែម្តង។ការប្រកាសនេះ ធ្វើឡើងចំពេញថៃ បើកការឈ្លានពាននៅព្រំដែនកម្ពុជា។
សម្តេច ហ៊ុន ម៉ាណែត ក៏បានឱ្យពិនិត្យមើលក្នុងការកែសម្រួលរយៈពេល១៨ខែ កែទៅរយៈពេល២៤ខែវិញ ព្រោះគោលការណ៍នេះ មានការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ហើយប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុ១៨ដល់៣០ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា ហើយការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។
បើតាមសម្តេច ហ៊ុន ម៉ាណែត យល់ថា ការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋមិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម៕