អាម៉េរិក៖ លេខាងកងទ័ពជើងទឹករបស់សហរដ្ឋអាម៉េរិកលោក ចន ស៊ី. ភីឡាន (John C. Phelan) វ័យ ៦២ ឆ្នាំ ត្រូវបានមន្ទីរបញ្ចកោណប្រកាសដាក់ឱ្យលាឈប់ពីតំណែង និងចូលជាធរមានភ្លាមៗ។អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានបញ្ជាក់ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការចាកចេញរបស់លោកនឹងមានប្រសិទ្ធភាពភ្លាមៗ ហើយអនុលេខាកងទ័ពជើងទឹកថ្មី លោក Hung Cao នឹងបម្រើការជារដ្ឋមន្ត្រីស្តីទី។
បើតាមលោក Sean Parnell «ក្នុងនាមរដ្ឋមន្ត្រីសង្គ្រាម និងអនុរដ្ឋមន្ត្រីសង្គ្រាម យើងសូមថ្លែងអំណរគុណដល់លោក John C. Phelan ចំពោះការបម្រើការងាររបស់លោកចំពោះក្រសួង និងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក យើងសូមជូនពរលោកឲ្យមានសំណាងល្អក្នុងកិច្ចខិតខំប្រឹងប្រែងនាពេលអនាគតរបស់លោក។
គួររម្លឹកថា លោក John C. Phelan គឺជាមេដឹកនាំយោធាជាន់ខ្ពស់ចុងក្រោយបង្អស់ដែលបានចាកចេញពីរដ្ឋបាលត្រាំ ការចាកចេញរបស់លោកកើតឡើងចំពេលមានសង្គ្រាមអាម៉េរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz ជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិក។ មន្ត្រីកងទ័ពពីរនាក់ទៀត គឺឧត្តមសេនីយ៍ David Hodne និងឧត្តមសេនីយ៍ William Green ក៏ត្រូវបានដកចេញពីតួនាទីរបស់អ្នកទាំងពីរផងដែរនាពេលកន្លងទៅនេះ។ លោក Phelan ជាជនស៊ីវិលម្នាក់ដែលមិនធ្លាប់បម្រើការងារក្នុងជួរកងទ័ពជើងទឹកពីមុនមកឡើយដោយលោកជាអ្នកជំនួញ ហើយបានស្បថចូលកាន់តំណែងជាលេខាធិការកងទ័ពជើងទឹកក្នុងខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីត្រូវបានតែងតាំងដោយប្រធានាធិបតី Donald Trump ក្នុងឆ្នាំ២០២៤។ លោកគឺជាអ្នកជំនួញ និងជាអ្នកបរិច្ចាគដ៏សំខាន់ដល់យុទ្ធនាការរបស់លោក Trump ក្នុងការឈ្នះឆ្នោត។