ភ្នំពេញ៖ សាលាគោលនយោបាយសាធារណៈលី ក្វាន់យូ នឹងរៀបចំសិក្ខាសាលាយុវជនក្នុងភាពជាអ្នកដឹកនាំ (ASYL) សម្រាប់យុវជនអាស៊ានដែលមានចំណងចំណូលចិត្តសិក្សាលើអភិបាលកិច្ច គោលនយោបាយសាធារណៈ និងកិច្ចការអន្តរជាតិ រយៈពេលបីថ្ងៃនៅប្រទេសសិង្ហបុរី។ នៅក្នុងឆ្នាំ២០២៦នេះ សិក្ខាសាលាផ្តោតលើប្រធានបទ “ទស្សនៈចម្រុះ អនាគតរួម”។ កម្មវិធីនេះ នឹងបិទទទួលពាក្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការនៃសាលាគោលនយោបាយសាធារណៈលី ក្វាន់យូ សិក្ខាសាលានេះគឺផ្តោតលើអភិបាលកិច្ចសហសម័យ (Contemporary governance) គោលនយោបាយសាធារណៈ រួមទាំងមានការប្រជុំ ការសន្ទនា និងសិក្ខាសាលាទាក់ទងនឹងប្រធានបទដែលរៀបចំដោយសាស្ត្រាចារ្យ និងអ្នកជំនាញដែលមានបទពិសោធន៍ និងល្បីល្បាញ។ ពិសេស យុវជនអាចលើកយកបញ្ហានៅក្នុងតំបន់ដែលកំពុងជួបប្រទះ មកពិភាក្សាជាមួយយុវជនអាស៊ានដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ។ចំពោះការស្នាក់ទៅ ការធ្វើដំណើរ និងថ្លៃចំណាយនានានឹងត្រូវឧបត្ថម្ភដោយកម្មវិធី។
គួរបញ្ជាក់ផងដែរថា ឱកាសមួយនេះបើកទូទៅសម្រាប់និស្សិតដែលកំពុងសិក្សាសាកលវិទ្យាល័យនានានៅក្នុងប្រទេសជាសមាជិកអាស៊ាន។ និស្សិតមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ ការប្រកាសលទ្ធផលជាប់ជាស្ថាពរ នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦៕