ភ្នំពេញ៖ ការប្រឡងវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់រាជធានីភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ នាថ្ងៃទី២២ មេសានេះ បានចាប់ផ្តើមហើយ ក្នុងគោលបំណងបណ្តុះបណ្តាល និងបង្កើនសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យមានវិជ្ជាជីវៈស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពច្នៃប្រឌិត។ ការប្រឡងនៅថ្ងៃនេះ ក្រោមវត្តមានលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញបើកវិញ្ញាសារប្រឡង។
ក្នុងពេលនេះ លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍គឺជាគ្រឹះសំខាន់មួយក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងការប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ពោលគឺមគ្គុទ្ទេសក៍ទេសចរណ៍ជាអ្នកផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ទៅកាន់ភ្ញៀវទេសចរពីគ្រប់ទិសទី។
លោក ហួត ហាក់ ក៏បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែង បង្ហាញសមត្ថភាព និងគោរពតាមបទបញ្ជានៃការប្រឡង ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់»៕