ភ្នំពេញ៖ និស្សិតមីយ៉ាន់ម៉ា ២១រូប បញ្ចប់ការសិក្សា«ជំនាញអវយវៈសិប្បនិម្មិត»នៅមហាវិទ្យាល័យវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណបកម្ពុជា និងត្រៀមយកចំណេះដឹងទៅបម្រើប្រទេសជាតិវិញ។ និស្សិតទាំងនេះត្រូវបានផ្ទេរមកពីប្រទេសមីយ៉ាន់ម៉ា ក្រោមការគាំទ្រពីមូលនិធិជប៉ុន និងអង្គការ Exceed Worldwide ដោយមានការទទួលស្គាល់ក្រេឌីតសិក្សាយ៉ាងពេញលេញពីក្រសួងអប់រំ តាំងពីឆ្នាំ២០២២។
យោងតាមគេហទំព័រផ្លូវការនៃក្រសួងអប់រំ និស្សិតមីយ៉ាន់ម៉ា ២១រូប នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានជួបសម្ដែងការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោយបញ្ចប់ដោយជោគជ័យនូវជំនាញវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណប នៅមហាវិទ្យាល័យវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណបកម្ពុជា។ ឆ្នាំ២០២៦នេះ ក្រុមនិស្សិត បានបញ្ចប់ការសិក្សាជាស្ថាពរ ហើយគ្រោងនឹងធ្វើដំណើរត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញនាពេលខាងមុខនេះ។
ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងពីគុណតម្លៃនៃការសិក្សាជំនាញឯកទេសផ្នែកឧបករណ៍អវយវៈសិប្បនិម្មិតនេះថា គឺជាការផ្ដល់ "ជីវិតទីពីរ" ដល់ជនមានពិការភាព ព្រោះកម្ពុជាធ្លាប់មានបទពិសោធរងគ្រោះដោយសារគ្រាប់មីន និងសង្គ្រាមនាពេលអតីតកាល ដែលធ្វើឱ្យប្រជាជនបាត់បង់សមត្ថភាពការងារ និងការរស់នៅ។ លោកបានបន្ថែមទៀតថា ការបំពាក់អវយវៈសិប្បនិម្មិត មិនត្រឹមតែជួយឱ្យពួកគេអាចប្រកបរបរចិញ្ចឹមជីវិតបានឡើងវិញប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវសេចក្ដីសង្ឃឹម និងលទ្ធភាពក្នុងការរស់នៅដោយឯករាជ្យម្ចាស់ការក្នុងសង្គម៕